ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាដេញកាប់ក្មួយបណ្ដាលអោយរងរបួសធ្ងន់

ចែករំលែក៖

    ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈផឹកស្រាស្រវឹងដេញកាប់ក្មួយបណ្ដាលអោយរងរបួសធ្ងន់នៅស្រុករមាសហែក។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០១ ខែមករាឆ្នាំ២០២៤ នៅចំណុចភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យឈ្មោះ ជាង សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះមានឈ្មោះពៅ ពិសិដ្ឋ អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ.ឃុំជាមួយគ្នា បានរងរបួសដាច់ហូរឈាមកដៃខាងស្ដាំ។

    ប្រភពបន្តថា មុនកើតហេតុជនសង្ស័យ ឈ្មោះ ជាង សុភី ត្រូវជាពូ បានផឹកស្រាស្រវឹងជោក ហើយក៏បានអុកឡុកបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារ។ ក្រោយមកជនរងគ្រោះជាជាក្មួយបានចូលទៅឃាត់ កុំអោយអុកឡុកបន្តទៀត ស្រាប់តែជនសង្ស័យបានយកកាំបិតកកុកកាប់ទៅលើបណ្ដាលឲ្យរងរបួសដាច់ហូរឈាមកដៃខាងស្ដាំបង្កការភ្ញាក់ផ្អើលតែម្ដង។

    បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែករមាសហែក រីឯជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននិងនាំយកមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖