ព័ត៌មានទាន់ហេតុការណ៍៖

រកសុីកុំវ៉ាងទី​លេីឆ្នេរសាធារណៈ ដាក់តុ​ទារលុយភ្ញៀវរហូតដល់៣មុឺនរៀល​ សមត្ថកិច្ចយកមកវាស់កម្ពស់ម្ដងមេីល​

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលដែលភ្ញៀវជាតិ អន្តរជាតិរាប់សែននាក់បានអញ្ជើញទៅទស្សនាកម្សាន្ត បង្កើតបរិយាកាសសប្បាយរីករាយតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ ខណៈនេះក៏មានជនឆក់ឱកាសលក់ដូរដំឡើងថ្លៃ ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ ជាពិសេសផ្ទុយពីការណែនាំរបស់អាជ្ញាធរសមត្ថកិច្ចដែនដី និងប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ។

ទីបំផុត ! អាជ្ញាធរខេត្តព្រះសីហនុបានទទួលសេចក្តីរាយការណ៍យ៉ាងពិតប្រាកដ ពីមនុស្សដែលលោភលន់ លក់ដូរកាប់ថ្លៃ ខ្ពស់មកលើភ្ញៀវទេសចរ ក៏មានវិធានការជាបន្ទាន់ ស្វែងរកមុខដើម្បីឃាត់ខ្លួនយកមកធ្វើការអប់រំ និងចង់បញ្ជាក់ប្រាប់សាធារណជនឲ្យបានជ្រាបថា អ្នកប្រព្រឹត្តបំពានច្បាប់ផ្ទុយពីការណែនាំរបស់អាជ្ញាធរនិងសមត្ថកិច្ចដែនដីមិនអាចអនុគ្រោះឡើយ ពីព្រោះនេះជាកិត្តិយសមុខមាត់ប្រទេសជាតិយើងផង។

នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានបង្ហោះលើ ផេកផ្លូវការយ៉ាងដូច្នេះថា : កុំឈ្លេីយ​ ប្រាប់ហេីយថា​ កុំវ៉ាងទី​លេីឆ្នេរសាធារណៈ​ គាត់នឹងដាក់តុ​ទារលុយភ្ញៀវ រហូតដល់៣មុឺនរៀល​ យកមកវាស់កម្ពស់ម្ដងមេីល​ រួចធ្វេីតេស្ត​វិជ្ជមាន​សារធាតុញៀនទៀត​ យកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត​ ។

អរគុណ​ប្រិយមិត្ត​រាយការណ៍មក ។

ការចាត់វិធានការចំពោះបុគ្គលមួយចំនួនដែលប្រព្រឹត្តមិនគប្បី ជាការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យមានសណ្ដាប់ធ្នាប់ មានការគោរពស្រឡាញ់រវាងគ្នានឹងគ្នា ជាមួយនឹងស្នាមញញឹមដែលជាសីលធម៌ ប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖