ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ៖ ការធ្វើដំណើរលើដងផ្លូវ ទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនមានករណីយកថ្លៃផ្លូវនោះទេ ទោះធ្វើដំណើរតាមផ្លូវដ៏ទៃទៀតក៏ដោយ។
ថ្លែងប្រាប់សារព័ត៌មាននៅរសៀលថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ នេះ អាជ្ញាធរបានអះអាងយ៉ាងច្បាស់ថា ៖ រាល់ការធ្វើដំណើរលើផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនមានករណីយកលុយថ្លៃលើផ្លូវនោះទេ។ គឺយកតែថ្លៃចំណត ចតរថយន្តដែលបានចតនៅក្នុងព្រលានតែប៉ុណ្ណោះ។
ការបញ្ជាក់របស់អាជ្ញាធរខេត្តសៀមរាប យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការផ្សព្វផ្សាយ ទាក់ទងទៅនឹងថាមានការយកថ្លៃផ្លូវទៅព្រលានយន្តហោះសៀមរាបអង្គរ។ ករណីបែបនេះធ្វើឲ្យមានការប្រតិកម្មជាច្រើនពីក្រុមអ្នករកស៊ីដឹកជញ្ជូនភ្ញៀវ។
អាជ្ញាធរបានបញ្ជាក់ផងដែរថា ៖ ការបង្ហោះរូបភាព ដែលថា ឱ្យភ្ញៀវដើរចូលព្រលាន គឺជារឿងមួយដែលមិនសមរម្យ ដែលអាចធ្វើឲ្យភ្ញៀវនិយាយមិនល្អរបស់ប្រទេសយើងនៅពេលគាត់ត្រឡប់ទៅវិញ។
អាជ្ញាធរបានបញ្ជាក់ថា ៖ បានជួបពិភាក្សាជាមួយខាងក្រុមហ៊ុនហើយ លើបញ្ហាផ្លូវ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះ។ ជាមួយគ្នានេះដែរអភិបាលខេត្តក៏បានណែនាំមន្ត្រីជំនាញពាក់ព័ន្ធជួបជាមួយ បងប្អូនប្រជាពលរដ្ឋដែលលើកឡើងលើបញ្ហាខាងលើនេះ។
សូមបញ្ជាក់ថា ៖ ការដែលមិនដឹកភ្ញៀវចូលព្រលាន ដូចមាននៅក្នុងរូបភាពបែបនេះ គឺជារឿងមួយរបស់អ្នកដឹកភ្ញៀវ អាចគេចវេសពីការយកថ្លៃចំណតរថយន្តតែប៉ុណ្ណោះ។
ដើម្បីមុខមាត់ប្រទេសជាតិយើង សូមប្រឆាំង និងចូលរួមលុបបំបាត់នូវព័ត៌មានក្លែងក្លាយឱ្យបានដាច់ខាត ខណះប្រទេសយើង សន្តិភាព រីកចម្រើន ភ្ញៀវអន្តរជាតិ បានមើលឃើញ ហើយនាំអ្វីដែលខ្មែរមាន ទៅប្រាប់ដល់ភ្ញៀវលើពិភពលោក ។ យើងរួមគ្នា ផ្តល់ព័ត៌មាន ល្អៗអោយប្រជាពលរដ្ឋបានដឹង ក្នុងនិងក្រៅប្រទេស ៕
ដោយ ៖ សិលា