ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្តាល សូមស្នើឱ្យអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការនិងជួយស្វែងរកមុខផេកហ្វេសប៊ុកឈ្មោះ ហង្ស សំណាង Hang Samnang ។ នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
សូមបញ្ជាក់ថា ៖ បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ ហង្ស សំណាង Hang Samnang កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានចុះផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គមហ្វេសប៊ុកមានរយៈពេល ៧:៤៣វិនាទី ៖
-ត្រង់ចំណុចនាទី ២:២៤នាទី បាននិយាយថា កាស៊ីណូមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេងទេ តែមានម៉ូតូពាក់ផ្លាកលេខកម្ពុជាចូលក្នុងបរិវេណកាស៊ីណូទៅវិញ (សូមជម្រាបថា ចំពោះម៉ូតូដែលមានផ្លាកលេខកម្ពុជានោះ គឺជាប្រជាពលរដ្ឋខ្មែរ ជាបុគ្គលិកបម្រើការងារនៅទីនោះតែប៉ុណ្ណោះ)។
-ត្រង់ចំណុចនាទី ៣:៣៥នាទី បាននិយាយថា មានសមត្ថកិច្ចទៅរត់ម៉ូតូឌុបនៅចំណុចបរិវេណកាស៊ីណូខាងលើនោះ (គឺជាការលើកឡើងមិនពិតនោះទេ)។
-ត្រង់ចំណុចនាទី ៤:២៥វិនាទី បាននិយាយថា ចំពោះអាជ្ញាធរវៀតណាមមកដាក់កៅអីហូតកាតជាមួយសមត្ថកិច្ចកម្ពុជាជាមួយគ្នា (គឺមិនពិតនោះទេ គឹជាការបរិហារកេរ្តិ៍ និងប្រមាថដល់សមត្ថកិច្ចដែលកំពុងធ្វើការរាល់ថ្ងៃពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ឆែកប៉ាស្ព័រប្រជាពលរដ្ឋវៀតណាមដែលចូលធ្វើការនៅស្រុកខ្មែរ និងទំនាក់ទំនងរវាងប្រជាជននឹងប្រជាជនក្នុងតំបន់ខាងលើ។ ចំពោះការបរិយាយដោយគ្មានការអំណះអំណាងដោយយកតែផ្នែកភាគីម្ខាងផ្ញើតាម voice សំឡេង ដែលតួនាទីជាអ្នកសារព័ត៌មានយកតែប្រភពតែម្ខាង គឺជាលក្ខណៈមួយមិនពេញលក្ខណៈអ្នកសារព័ត៌មាន មិនបានតេសម្ភាសន៍មកអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្ត។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកខាងលើ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំចំពោះព័ត៌មានខាងលើ គឺជាព័ត៌មានមិនពិត ដែលមានចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឱ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយព័ត៌មានមិនពិត។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមស្នើឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការនិងជួយស្វែងរកមុខផេកហ្វេសប៊ុកឈ្មោះ ហង្ស សំណាង Hang Samnang ដើម្បីផ្តន្ទាទោសឬដកអាជ្ញាប័ណ្ណចេញតាមច្បាប់។
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!! ៕
ដោយ ៖ សិលា