ខេត្តសៀមរាប៖ រយៈពេល១២ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសបានទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៧៩៨ ០៦៩នាក់ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការកើនឡើង ១៧៧,៦៣ភាគរយ ចំណូលបានពីការលក់បណ្ណមានចំនួន ៣៧ ១៩៨ ៩៨៨ដុល្លារអាម៉េរិក បើធៀបរយៈពេលដូចគ្នា២០២២ មានការកើនឡើង ២២២,៦៨ ភាគរយ។ នេះបេីយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញឱ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា មានសរុប ចំនួន ១ ៥៩៦ ១៣៨ ដុល្លារអាម៉េរិក។ រីឯចំណូលពីការលក់បណ្ណនៅប្រាសាទ កោះកែរ មានចំនួន១៤ ៨០៦នាក់ ស្មើទឹកប្រាក់ចំនួន ២២២ ០៩០ដុល្លារ ក្នុងរយៈពេលមួយឆ្នាំ២០២៣នេះ។
ដោយឡែក រយៈពេល១២ខែ ឆ្នាំ២០២៣ ចំណូលលក់សំបុត្រទូក មានចំនួន ៥៦៤ ៦៧១ដុល្លារអាម៉េរិកផងដែរ៕
ដោយ៖ តារា