ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ចំនួន០៣នាក់ត្រូវបានម្ចាស់ចំការ សហការជាមួយកម្លាំងនគរបាលឃាត់ខ្លួនបាន ក្រោយពីផឹកទឹកត្នោតជូរស្រវឹងជិះម៉ូតូអុកឡុកពេញភូមិហើយធ្វើសកម្មភាពយកដំបងវាយលើយុវជនម្នាក់បណ្តាលឱ្យរងរបួសបែកក្បាល។
ហេតុការណ៍នេះបានកើតឡើងកាលពី០២និង១០នាទីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បានឱ្យដឹងថា កាលពីវេលាម៉ោង៨និង៣០យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិថ្មី ឃុំតាសាល មានករណីហិង្សាដោយចេតនានិងរំលោភលើលំនៅស្ថានរបស់អ្នកដទៃ មួយកើតឡើងដែលបង្កដោយមនុស្ស០១ក្រុម ដែលមានឈ្មោះដូចខាងក្រោម÷
១/ ឈ្មោះ ជីម ហ៊ែល ភេទប្រុស អាយុ ២១ឆ្នាំ
២/ ឈ្មោះ សឿន ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ
៣/ ឈ្មោះ ហុង ពឿន ហៅទឹងភេទប្រុស អាយុ២៨ឆ្នាំ ទាំង០៣នាក់រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបានបន្តទៀតថា ក្រុមជនដៃដល់ទាំង០៣នាក់ បានផឹកទឹកត្នោតជូរ ស្រវឹង ហើយធ្វើសកម្មភាពជិៈម៉ូតូបង្ករអុកឡុកតាមផ្លូវក្នុងភូមិ និងបានយកដំបងវាយទៅលើ ឈ្មោះ ពីន ទំព័រ ហៅឌុច ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បណ្ដាលឲ្យរងរបួសបែកក្បាលផ្នែកខាងឆ្វេង ដេរចំនួន០៣ថ្នេរ។
បន្ទាប់មកជនបង្កបានជិះម៉ូតូចូលទៅក្នុងចំការរបស់ឈ្មោះ លឹម ម៉ារឌី ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា បង្កឲ្យមានការភ័យខ្លាចដល់ម្ចាស់ចំការ ដែលកំពុងអង្គុយហូបជួបជុំគ្រួសារត្រៀមឆ្លងឆ្នាំសកលនៅក្នុងចំការ។ ក្រោយពីទទួលបានព័ត៌មាន និងបណ្ដឹងពីជនរងគ្រោះ និងម្ចាស់ចំការ កម្លាំងជំនាញ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាល ចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាទាំង០៣នាក់ខាងលើបាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤:១០នាទី យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីសាកសួរ និងអនុវត្តបន្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា