ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះជប៉ុនបានឆេះនៅលើផ្លូវរត់ អព្ភូតហេតុមួយបានកើតឡើងមនុស្ស៣៧៩នាក់មានសុវត្ថិភាព

ចែករំលែក៖

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមួយបានឆេះនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ – ប្រទេសជប៉ុនកាលពីថ្ងៃទី ២ ខែមករាឆ្នាំ២០២៤ បន្ទាប់ពីមានការប៉ះបុកជាមួយយន្តហោះឆ្មាំសមុទ្រ។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា អ្នកដំណើរនិងសមាជិកនាវិកទាំងអស់ ៣៧៩នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាព។ នេះអាចចាត់ទុកថាជាអព្ភូតហេតុមួយពេលឃើញយន្តហោះបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។
វីដេអូផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ NHK បានបង្ហាញថា យន្តហោះបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលដែលវាបានរអិលចេញពីលើផ្លូវរត់ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ក្រុមជួយសង្គ្រោះក្នុងការពន្លត់ភ្លើងក៏ដោយ។
យោងតាម NHK ជើងហោះហើរលេខ 516 របស់ Japan Airlines បានហោះចេញពីអាកាសយានដ្ឋាន New Chitose ក្នុងទីក្រុង Hokkaido ហើយបានហោះទៅកាន់អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។
ឆ្មាំសមុទ្រជប៉ុនបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលទ្ធភាពដែលយន្តហោះមួយគ្រឿងរបស់ខ្លួនបុកជាមួយយន្តហោះដឹកអ្នកដំណើរ បន្ទាប់ពីវាបានចុះចត។
ទូរទស្សន៍ NHK បានរាយការណ៍ថា សមាជិកនាវិកប្រាំនាក់ក្នុងចំណោមនាវិកប្រាំមួយនាក់នៃឆ្មាំឆ្នេរសមុទ្រជប៉ុនបានសម្លាប់។ សាកសពពួកគេត្រូវបានគេរកឃើញ ប៉ុន្តែមិនមានព័ត៌មានបន្ថែមទៀតទេ។ ចំណែកអ្នកនៅសេសសល់បានរត់គេចខ្លួនបាត់ ។ យន្តហោះនេះកំពុងរៀបចំហោះហើរទៅកាន់ Niigata ដើម្បីជួយជនរងគ្រោះដោយការរញ្ជួយដី។
យោងតាមអ្នកនាំពាក្យអាកាសយានដ្ឋាន អាកាសយានដ្ឋាន Haneda បានបិទផ្លូវរត់ទាំងអស់ បន្ទាប់ពីឧបទ្ទវហេតុនេះ។
ឧបទ្ទវហេតុនេះបានកើតឡើងខណៈពេលដែលប្រទេសជប៉ុនកំពុងប្រមូលផ្តុំកងកម្លាំងដើម្បីឆ្លើយតបទៅនឹងផលវិបាកនៃការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងតំបន់កណ្តាល។ មកដល់ពេលនេះ មនុស្ស៤៨នាក់ត្រូវបានគេកំណត់ថាបានស្លាប់ក្នុងគ្រោះរញ្ជួយដីនេះ ៕ ដោយ៖ ធីរីណា

រូប​ថត​៖ NLDO


ចែករំលែក៖