ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងមួយកន្លែងតាមបណ្តោយផ្លូវម៉ៅសេងទុង ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ភ្លាមៗនោះកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង១រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ ២៦៨E0 តាមបណ្តោយផ្លូវម៉ៅសេងទុង កែងផ្លូវលេខ ១៩៩ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឆេង ឆេងអាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ។ សមត្ថកិច្ចបន្តថា មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។ ប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រx ១០ម៉ែត្រ។ ខូចខាតសម្ភារៈ ឆេះបន្ទប់ទំហំ ០៣ម៉ែត្រx០៤ម៉ែត្រចំនួន០១បន្ទប់ រួមមាន៖ ម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងនិងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
ក្នុងកិច្ចអន្តរាគមន៍សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប ៕
ដោយ៖ តារា