ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយ ប៊ូ សំណាង ត្រូវបានកាសែត The Guardian ( អង់គ្លេស ) រាប់ចូលក្នុងព្រឹត្តការណ៍កីឡាពិភពលោក ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ក្មួយ ប៊ូ សំណាង ត្រូវបានកាសែត The Guardian ( អង់គ្លេស ) រាប់ចូលក្នុងព្រឹត្តការណ៍កីឡាពិភពលោក ២០២៣ ។ នេះជាការបង្ហោះលើផេកផ្លូវការ របស់ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។ 

សូមរម្លឹកថា ៖ កីឡាការនីកម្ពុជា កញ្ញា ប៊ូ សំណាង បានឈ្នះបេះដូងមនុស្ស ទាំងខ្មែរ និងជាតិសាសន៍ផ្សេងទៀត ដែលបានឃើញពីការតស៊ូ និងការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប ដោយការតស៊ូរត់ក្រោមភ្លៀងកំពុងតែធ្លាក់ខ្លាំង ប៉ុន្ដែកញ្ញា ប៊ូ សំណាង នៅតែបន្តរត់រហូតដល់ទីបញ្ចប់ បើទោះជាមិនបានឈ្នះមេដាយមាស នៅក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ ម៉ែត្រ ដណ្ដើមមេដាយមាស កាលពីថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣ កន្លងទៅ។

កញ្ញា ប៊ូ សំណាង បានប្រកួតដណ្តើមមេដាយមាសយ៉ាងលំបាកជូនជាតិ ក្នុងការប្រកួតរត់ប្រណាំង ៥០០០ ម៉ែត្រ ក្រោមភ្លៀងខ្លាំង ហើយមនុស្សម្នាបានស្រែកគាំទ្រលើកទឹកចិត្ត ដែលធ្វើឲ្យល្បីដល់ប្រទេសថៃ និងប្រទេសវៀតណាម អំពីការតស៊ូប្តូរផ្តាច់របស់កីឡាការនីរូបនេះ។ ការតស៊ូរត់ក្រោមដំណត់ទឹកភ្លៀងនេះ បានធ្វើឲ្យប្រជាជននៃប្រទេសជិតខាង ស្គាល់ពីការតស៊ូរបស់នារីខ្មែរ ប្រកួតដណ្តើមមេដាយមាសដូចគ្នា តែស្ថានភាពមិនដូចគ្នាទេ។

បើតាមសារព័ត៌មានប្រទេសថៃ MainStand បានចុះផ្សាយថា គ្រាន់តែការប្រកួតរត់ប្រណាំងចាប់ផ្តើមភ្លាម ព្រះភិរុណក៏បង្អុរចុះមក។ រត់ក្រោមដំណក់ភ្លៀង សំណាងត្រូវបានគូប្រកួតដទៃទៀត រត់ចោល ប៉ុន្តែនាងសម្រេចចិត្តថាមិនបោះបង់ ហើយនៅតែបន្តរត់ទៅមុខតាមតែអាចធ្វើទៅបាន។ នៅប្រមាណជា ៧នាទីចុងក្រោយនៃការប្រកួត មេឃភ្លៀងធ្លាក់មកកាន់តែខ្លាំង អត្តពលិកផ្សេងទៀតបានចូលជួរ ប៉ុន្តែនាងនៅតែបន្តរត់រហូតដល់ទីបញ្ចប់ អ្នកទោះបីនាងជាអ្នកចុងក្រោយក៏ដោយ។ នៅចុងបញ្ចប់នៅលើចម្ងាយផ្លូវ ៥០០០ម៉ែត្រ ក្នុងពេលវេលា ២២:៥៤នាទី ដែលនាងអាចធ្វើបាន។ ការទះដៃអបអរសាទរពីអ្នកគាំទ្រនៅសងខាងផ្លូវ និងត្រង់ចំណុចគោលដៅ ចាប់ផ្តើមបន្លឺឡើងយ៉ាងរំពងអើងកង។ នាងយំ ហើយជូតទឹកភ្លៀង លើកដៃអគុណដល់ភ្លៀងដែលធ្លាក់មក។

សូមជម្រាបជូនថា ៖ វីដេអូកីឡាការិនី កម្ពុជា ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀង ក្នុងការរត់ចម្ងាយ ៥,០០០ម៉ែត្រ នៅឯព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានក្លាយជាចំណាប់អារម្មណ៍របស់សារព័ត៌មានធំៗនៅលើពិភពលោក។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ កាសែតអាមេរិក New York Times ក៏បានបន្តផ្សព្វផ្សាយអំពី បូ សំណាង ផងដែរ ដោយលើកឡើងថា កីឡាករិនីកម្ពុជារូបនេះបានឆក់យកបេះដូង ប្រជាជនកម្ពុជា។

New York Times បានផ្សាយថា ៖ ប៊ូ សំណាង ត្រូវបានគេរាយការណ៍ថា មានជំងឺខ្វះឈាម អំឡុងពេលកំពុងប្រកួត តែនាងមិនបានបោះចោលគោលដៅរបស់ខ្លួន។ នាងបានគូសបញ្ជាក់ប្រាប់ New York Times ដូច្នេះថា «ខ្ញុំដឹងថា ខ្ញុំនឹងមិនទទួលបានជ័យជម្នះឡើយ តែខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំមិនត្រូវឈប់ទេ»។

បូ សំណាង បានបញ្ចប់ ការរត់របស់ខ្លួនក្នុងរយៈពេល ២២នាទី និង៥៤វិនាទី ពោលគឺរត់ពីក្រោយអ្នកជាប់លេខ១ ដែលជាកីឡាការិនីវៀតណាមដល់ទៅជិត ៦នាទីឯណោះ។

New York Times ដោយឃើញភាពតស៊ូនេះ សម្ដេចតេជោ ហ៊ុន សែន កាលនោះជា នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបង្ហាញការកោតសរសើរយ៉ាងខ្លាំង និងបានផ្ដល់រង្វាន់លើទឹកចិត្ត ១០,០០០ដុល្លារ ដល់បូសំណាង។

ក្រៅពីទទួលបានការឧបត្ថម្ភលើកទឹកចិត្តពីសម្តេចតេជោ, ប៊ូ សំណាង ក៏ត្រូវបានថ្នាក់ដឹកនាំ និងសប្បុរសជនខ្មែរជាច្រើនទៀត ឧបត្ថម្ភជាបន្តបន្ទាប់៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖