ខេត្តកែប៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក ខេង យ័ន ដែលជាអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែបម្នាក់ទៀត បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំមួយកាលពីព្រឹកមិញនេះ សង្ស័យពាក់ព័ន្ធករណីពុករលួយ។
បើតាមការពីលោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកែប បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះថា៖ ជុំវិញករណីឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលខាងលេីនេះ គឺអាចពាក់ព័ន្ធករណីពុករលួយ។
លោកស្នងការរងរូបនេះ បានបន្ថែមថា ករណីខាងលើនេះ គឺមន្ត្រី ACU បានជិះរថយន្តចំនួនបីគ្រឿង មានដូចជា រថយន្តហ្វ័ត ,រថយន្តឡង់គ្រីស័រ និងរថយន្តម៉ាស្ដា បានចុះទៅឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀត រួចបញ្ជូនខ្លួនយកមកសាកសួរ តាមនីតិវិធីច្បាប់៕
ដោយ៖តារា