ភ្នំពេញ៖ យោងតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤នេះថា ៖ គិតមកដល់ត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ រយៈពេល ៣ថ្ងៃដំបូង នៃឆ្នាំ២០២៤ បាន ចំនួន ៨៦០៥ រូប នាំឱ្យវឌ្ឍនភាពនៃការមកប្រគល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល កើនឡើងដល់ ៤៧.០៧ ភាគរយ នៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩ រូប។
តាមប្រភពខាងលើដដែលនេះបានឱ្យដឹងដែរថា៖ សម្រាប់ក្រសួង-ស្ថាប័ន និង រាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមានដូចជា ៖ ក្រសួង-ស្ថាប័ន ចំនួន ០២ ៖ ១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២.ធនាគារជាតិនៃកម្ពុជា។ដោយឡែក រាជធានី-ខេត្ត ចំនួន ០៧ ៖ ១.រាជធានីភ្នំពេញ ២.ខេត្តត្បូងឃ្មុំ ៣.ខេត្តប៉ៃលិន ៤.ខេត្តកំពង់ស្ពឺ ៥.ខេត្តព្រៃវែង ៦.ខេត្តព្រះវិហារ ៧.ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា៖ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ( ឆ្នាំ២០២៤) សរុបចំនួន ១៨.២៧៩ រូប៕
ដោយ៖ ភារ៉ា ដង្កោ