ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រុក រើសបានទារក​ម្នាក់ដែលប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង ​មាន​ទម្ងន់​២​.៧​គីឡូក្រាម មាន​ច្រមុះ​ស្រួច សម្បុរ​សណ្តែក​បាយ

ចែករំលែក៖

​ខេត្តប៉ៃលិន ៖ មនុស្សក្នុងលោកមានវិចារណញ្ញាណ ដឹងខុស ដឹងត្រូវ ចេះយំស្រែក សើច សប្បាយ ស្នេហា ប៉ុន្តែអ្នកខ្លះមានស្នេហា ខ្វះឧត្តមគតិ ជាឪពុក ម្តាយ ហាក់ចាញ់សត្វផង បង្កើតកូនហើយ យកទៅបោះចោល ឯណាទៅតម្លៃជាអ្នកផ្តល់កំណើត ? 

ជាក់ស្តែង ! អ្នកណាគេអីក៏ចិត្តដាក់ម៉្លេះ…រើសបានទារក​ម្នាក់ដែលប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង ​មាន​ទម្ងន់​២​.៧​គីឡូក្រាម មាន​ច្រមុះ​ស្រួច សម្បុរ​សណ្តែក​បាយ ​ ។​ លុះ​ពេល​អ្នក​ភូមិ​ដើរទៅ​កាប់​ផ្លែ​ចេក​​ក្បែរ​ចម្ការនោះ​ក៏​បាន​ប្រទះ​ឃើញ​ទារក​ដេក​គ្រប​ស្លឹក​ដំឡូង​ពីលើ មាន​ទាំង​ឈាម​ហូរ​ចេញពី​ផ្ចិត ដែល​បង្ហាញ​ថា​ ទើបតែ​សម្រាល​ថ្មី​ៗ ​ហើយស្ត្រី​ជា​ម្តាយ​បាន​ចាក​ចេញ ដោយ​ទុក​កូន​ចោល​ដូច​សត្វ​ធាតុ ។ ដោយ​ឃើញ​ទារក​នៅ​មាន​ដង្ហើម​ក៏​រត់​ទៅ​ប្រាប់​អ្នក​ជិតខាង​ឱ្យ​រាយការណ៍​ជូន​មេ​ភូមិ និង​សមត្ថកិច្ច​នគរបាល​ឱ្យ​ចុះ​ពិនិត្យ​ភ្លាម​ៗ ។ 

ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ចម្ការ​ដំឡូង​មី ក្នុងភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ 

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ អ្នក​ដែល​ប្រទះ​ឃើញ​ទារក​មុនគេ​ឈ្មោះ គុម ស្រី​លី​ន ភេទ​ស្រី រស់នៅ​ក្នុងភូមិ​ខាងលើ ។ ក្រោយ​ពី​ប្រទះ​ឃើញ ដោយ​សារ​តែ​នាង​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត​មិន​អាចយ​កមក​ចិញ្ចឹម​បាន ​ក៏​ប្រគល់​​ឱ្យទៅ​មេការ​ស្តង់​ដំឡូង​មី​ម្នាក់ ឈ្មោះ វ៉ិ​ត សុខ​លី អាយុ​៣៤​ឆ្នាំ ប្រពន្ធ​​ឈ្មោះ ទិ​ត្យ ឆ​វ័​ន្ត អាយុ​៣១​ឆ្នាំ ដែល​មានកូន​ស្រី​២​នាក់ កូន​ទី​១ អាយុ​៨​ឆ្នាំ កូន​ទី​២ អាយុ​៦​ឆ្នាំ ។ រីឯ​ទារក​​សុំ​ពី​ស្ត្រី​ដែល​រើស​បាន​ជា​កូនប្រុស ត្រូវ​បាន​ពួក​គាត់​ដាក់​ឈ្មោះ​ឱ្យ​ភ្លាម​ៗ​ថា « លី សុខ​សំណាង​ » ។ 

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ ភិន ឡោ​ស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​មង្គល បានឱ្យ​ដឹង​ទាំង​ការ​តក់ស្លុត​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ កូនស្រី​របស់​គាត់​បាន​ដើរទៅ​កាប់​ផ្លែ​ចេក​នៅ​ក្នុង​ចម្ការ​ក្បែរ​ផ្ទះ ពេល​នាង​ក្រឡេក​មើលទៅ​ក្នុង​ចម្ការ​ដំឡូង​មី​ក្បែរ​របង ស្រាប់តែ​ប្រទះ​ឃើញ​មាន​ទារក​មួយ​ ត្រូវ​បាន​គ្រប​ស្លឹក​ដំឡូង​មី តែ​នៅ​មាន​ដង្ហើម និង មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន​ក៏​រត់​ទៅ​ប្រាប់​គាត់​ជាម្តាយ​ឱ្យ​នាំ​គ្នា​ទៅ​មើល និង​លើក​បី​យក​ទៅ​លាង​ជម្រះ​ខ្លួន និង​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ​និង​នគរបាល​ផង​ដែរ៕

ដោយ ៖ ស សារ៉េត


ចែករំលែក៖