ខេត្តស្វាយរៀង ៖ មានការរកឃើញទីតាំងឃ្លាំងស្តុកសារធាតុគីមីផ្សំមួយកន្លែង ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាកន្លែងកែច្នៃសារធាតុគ្រឿងញៀនមួយដែលខុសច្បាប់ ។ ចាត់ទុកថា ជាបទល្មើសមួយ ដែលឈ្មួញហ៊ានបំផុត ចំពោះសមត្ថកិច្ច អាជ្ញាធរ ហើយជាបញ្ហាគ្រោះថ្នាក់បំផុត ដល់សង្គម។
បើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅរសៀលថ្ងៃទី០៣ មករា ២០២៤ នេះថា ទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា : ការចុះពិនិត្យនិងបង្ក្រាបខាងលើ គឺមានវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន អញ្ជើញចូលរួមអមដំណើរលោកជំទាវ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្រុមការងារអង្គការUNODC និងតំណាងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះពិនិត្យទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំ ដែលជាវត្ថុតាងពាក់ព័ន្ធក្នុងករណីផលិតកែច្នៃសារធាតុញៀនខុសច្បាប់នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ជុំវិញបញ្ហាបង្ក្រាបទីតាំង ឃ្លាំងផ្ទុកសារធាតុគីមីផ្សំ ដែលជាវត្ថុតាងពាក់ព័ន្ធក្នុងករណីផលិតកែច្នៃសារធាតុញៀនខុសច្បាប់ សមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិត អំពីចំនួនដែលត្រូវចាប់យកនៃវត្ថុតាង ឬត្រូវឃាត់ខ្លួនជនសង្ស័យបែបណានៅឡើយទេ។
ចំពោះព័ត៌មានលម្អិត យើងនឹងធ្វើការផ្សព្វផ្សាយបន្តតាមក្រោយ ៕
ដោយ ៖ សិលា