ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល អំពាវនាវដល់ព្រះសង្ឃទាំង៥២វត្តក្នុងស្រុករមាសហែកត្រូវចូលរួមសហការជាមួយសមត្ថកិច្ចនិងបន្តផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនដល់បងប្អូនពុទ្ធបរិស័ទតាមទីអារាមរបស់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអំពាវនាវដល់ព្រះសង្ឃទាំង៥២វត្តក្នុងស្រុករមាសហែក ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចបន្តផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនដល់បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តរបស់ខ្លួន។

ការអំពាវនាវបែបនេះរបស់លោកអភិបាលស្រុកធ្វើឡើងនារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំប្រគល់សេចក្តីសម្រេចតែងតាំងជំនួយការសាលាអនុគណស្រុករមាសហែក ក្រោមការនិមន្តចូលរួមពីព្រះធម្មកិច្ចមុនី រស់ ឌី ព្រះបាឡាត់គណខេត្ត ព្រះអនុគណស្រុករមាសហែក។

ក្នុងឱកាសនោះក៏មានកាតនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តទាំង៥២វត្ត លោកគ្រូអាចារ្យវត្តទាំង៥២ ស្ថិតនៅវត្តចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក។

លោកអភិបាលស្រុកបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិរបស់យើងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។

លោកស៊ូ ម៉ុល បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀងប្រគេននិងជូនដល់មន្រ្តីសង្ឍ ព្រះគ្រូចៅអធិការវត្ត លោកគ្រូអាចារ្យដែលបាននិមន្តនិងអញ្ជើញចូលរួមនាពេលនេះផងដែរ។

លោកបានបន្ថែមថា ទីអារាមជាជង្រុកពូជជាថ្នាលបណ្តុះ និងជាទីសក្ការៈបូជាដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរដែលមានជំនឿលើព្រះពុទ្ធសាសនា ដោយវត្តអារាមមានតួនាទីសំខាន់ណាស់សម្រាប់សាបព្រោះគ្រាប់ពូជ សីលធម៌ គុណធម៌ ការស្គាល់បុណ្យបាប និងមានចិត្តខ្មាសអៀន ខ្ពើមរអើមចំពោះទង្វើអាក្រក់ ឬទង្វើបាបផ្សេងៗ។

ដើម្បីឱ្យបុគ្គលម្នាក់ៗមានបុគ្គលិកលក្ខណៈល្អ និងជាធនធានមនុស្សល្អ គឺទាមទារឱ្យមានការសាបព្រោះ បណ្តុះជំនឿតាមរយៈសាសនា ឱ្យជឿលើផលនៃបុណ្យ ផលនៃបាប ស្គាល់ភាពត្រឹមត្រូវ និងមិនត្រឹមត្រូវ កាត់បន្ថយនូវភាពលោភលន់ចង់បាន និងមិនបំពានទៅលើផ្លូវច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖