ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៉ី-អ៊ុយក្រែន បង្កើនការវាយប្រហារតាមផ្លូវអាកាស ដាក់គ្នាទៅវិញទៅមក អង្គការសហប្រជាជាតិអំពាវនាវកាត់បន្ថយភាពតានតឹង

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រមុខសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) លោក Volker Turk បានអំពាវនាវឱ្យមានការបន្ធូរបន្ថយជាបន្ទាន់នូវអរិភាពក្នុងសង្រ្គាមរវាងរុស្ស៉ីនឹងអ៊ុយក្រែន ចំពោះមុខការកើនឡើងនៃសកម្មភាពវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក។
ការិយាល័យសិទ្ធិមនុស្ស UN បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «អរិភាពហាក់កំពុងតែមានការកើនឡើងយ៉ាងខ្លាំងគួរឱ្យបារម្ភ ហើយប្រជាជនស៉ីវិលរាប់សិបនាក់បានបាត់បង់ជីវិតទាំងនៅខាងអ៊ុយក្រែននិងនៅខាងរុស្ស៉ី។ ច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ដាច់ខាតនូវការវាយប្រហារមិនរើសមុខ ក៏ដូចជាការវាយប្រហារ ប្រឆាំងគោលដៅស៉ីវិល។ លោក Volker Turk ទទូចឱ្យមានចំណាត់ការបន្ទាន់ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ធានាការពារអាយុជីវិតជនស៉ីវិល និងគោរពច្បាប់អន្តរជាតិ»។
កាលពីថ្ងៃអង្គារ រុស្ស៉ីបានប្រើមីស៉ីលជិត១០០គ្រាប់ វាយប្រហារលើទីក្រុងកៀវនិងតំបន់ជុំវិញ ព្រមទាំងលើទីក្រុង Kharkiv នៅភាគឦសានអ៊ុយក្រែន បណ្តាលឱ្យជនស៉ីវិលយ៉ាងហោចណាស់៥នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទ បានប្តេជ្ញាសងសឹក ក្រោយការវាយប្រហារធំមួយរបស់អ៊ុយក្រែន ដែលទីក្រុងមូស្គូអះអាងថា បានសម្លាប់ជនស៉ីវិល២៥នាក់ នៅទីក្រុង Belgorod នៃប្រទេសរុស្ស៉ី។
ស្ថានការណ៍នៃសង្រ្គាមបានកើនឡើងកម្តៅនាពេលថ្មីៗកន្លងទៅនេះ ដោយកាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៉ីបានបើកការវាយប្រហារក្នុងទ្រង់ទ្រាយដ៏ធំសម្បើមមួយលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមមានទាំងរដ្ឋធានីកៀវ ហើយផ្តាច់ជីវិតមនុស្សសរុបជិត៤០នាក់៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖