ព័ត៌មានទាន់ហេតុការណ៍៖

ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានរីកសាយភាយដល់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានកំពុងពង្រីកភាពស្អាតនៃយុទ្ធសាស្រ្តចក្រា ទៅដល់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យដែលស្ថិតនៅភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមរយៈការស្នើសុំឱ្យក្រសួងបរិស្ថានគាំទ្រពីឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា និង លោក លោកស្រីជាឧបាសក់ ឧបាសិកានៃគណកម្មការមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងជំនួបជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួង នៅថ្ងៃទី០៣ មករា ឆ្នាំ២០២៤។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងនឹងគាំទ្រ ហើយទទួលយកសំណើក្នុងការរៀបចំទីតាំងធ្វើសមាធិ និងវិបស្សនារបស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យនេះ តែយ៉ាងណាក្រសួងបរិស្ថានសូមធ្វើការពិនិត្យ និងសិក្សាអំពីបញ្ហាប្រឈមនានាលើទីតាំងនោះជាមុនសិន មុននឹងរៀបចំប្លង់ទីតាំងសម្រាប់ឱ្យពុទ្ធបរិស័ទបានធ្វើវិបស្សនា សមាធិឱ្យកើតចិត្តជាកុសល មានមេត្តាធម៌ នឹងរួមចំណែកក្នុងការផ្សព្វផ្សាយព្រះធម៌ពិតរបស់ព្រះពុទ្ធជូនដល់អ្នកស្រឡាញ់ព្រះពុទ្ធសាសនាជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យពុទ្ធបរិស័ទទាំងអស់ចូលរួមក្នុងភាពស្អាត ភាពបៃតង និងចីរភាពជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពីព្រោះថានៅក្នុងធម៌ព្រះពុទ្ធក៏បានសម្តែងពីអំពីការសម្អាតចិត្តហ្មងសៅ ចិត្តបាប ចិត្តអកុសល ហើយពុទ្ធឱវាទនេះសមស្របនឹងភាពស្អាតចេញពីក្នុងចិត្តរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ។

ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងការរួមចំណែកកសាងទីតាំងធ្វើសមាធិ និងវិបស្សនាជាមួយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា  ដើម្បីបង្ហាញអន្តរជាតិថា ក្នុងនាមកម្ពុជាជាអ្នកកាន់ព្រះពុទ្ធសាសនាជាង៩០% ក៏មានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាដូចបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកដែរ។

សូមជម្រាបជូនផងដែរថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ មិនត្រឹមជាកន្លែងធ្វើវិបស្សនាកម្មឋាន សមាធិ សិក្សាស្វែងយល់អំពីអភិធម្ម ធម៌ព្រះពុទ្ធប៉ុណ្ណោះទេ តែមណ្ឌលនេះ នឹងផ្សព្វផ្សាយអំពីបរិស្ថានផង ទេសចរណ៍ផង និងរួមទាំងវប្បធម៌ជាតិផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖