ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានប្តេជ្ញាចិត្តអនុវត្តឱ្យបានជោគជ័យស្របតាមសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

 ខេត្តក្រចេះ ៖ ការប្តេជ្ញាអនុវត្តរបស់  លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ធ្វើឡើងក្នុងឱកាស ដែល លោក អញ្ជើញជាធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នាសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមសមាជិក​សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះមកពីក្រសួងព័ត៌មាន និងគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុកនៃខេត្តក្រចេះសរុបប្រមាណជាង​៤០០ នាក់។ 

     បន្ទាប់ពី លោក វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣​ រួចមក លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ ប្រធានក្រុមការងារ បានថ្លែងថាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះនឹងបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត​ ក្រុង​ស្រុក​និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ​ក្នុងខេត្តក្រចេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀតស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្ស។  

  លោករដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងារបានជម្រាបជូនដល់អង្គប្រជុំពីការវិវត្តនៃស្ថានភាព របស់ពិភពលោក​និងបញ្ហាប្រឈមនានាដែល ពិភពលោកកំពុងជួបប្រទះ ក៏ដូចជាការជះឥទ្ធិពលមកក្នុងតំបន់​និងប្រទេសកម្ពុជា។ 

   លោក ក៏បានគូសបញ្ជាក់ពីការវិវត្តនៃស្ថានភាពនយោបាយនៅកម្ពុជា​ ក៏ដូចជាសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ជានាយករដ្ឋមន្ត្រីដោយបានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន​​ ការងារ​ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព​​ហើយបានផ្តោតលើអាទិភាព​ ៥ គឺមនុស្ស​ ផ្លូវ​ ទឹក​ ភ្លើង​និងបច្ចេកវិទ្យា។​​​​

   ជាមួយគ្នានេះ, លោកប្រធានក្រុមការងារបានជំរុញសមាជិកសមាជិកាក្រុមការងារបង្កើនកិច្ចខិតខំប្រឹងប្រែងក្តាប់ឱ្យជាប់នៅបញ្ហានានានៅក្នុងមូលដ្ឋាន និងខិតខំឆ្លើយតបនឹងសេវាតម្រូវការ​និងសេវាសំណូមពរ​នានារបស់ប្រជាពលរដ្ឋដើម្បីឆ្លើយតបនឹងជំនឿទុកចិត្តដែលប្រជាពលរដ្ឋបានផ្តល់ជូនគណបក្សប្រជាជនកម្ពុជាតាមរយៈសន្លឹកឆ្នោតរបស់ខ្លួនបោះជូនគណបក្សប្រជាជនកម្ពុជា៕​

ដោយ ៖ សិលា


ចែករំលែក៖