ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្ដីក្រសួងអធិការកិច្ចថ្លែងថា ក្រសួងមានសមត្ថកិច្ចធ្វើអធិការកិច្ចលើគ្រប់វិស័យទាំងថ្នាក់ជាតិនិងក្រោមជាតិ ប្រឆាំងអំពើពុករលួយ ការរំលោភអំណាច និងអំពើអសកម្មផ្សេងៗ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះក្រសួងអធិការកិច្ច សហការជាមួយក្លិបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្ដីអំពី “អធិការកិច្ចក្នុងបរិបទកំណែទម្រង់” នៅទីស្ដីការក្រសួងអធិការកិច្ច។ ក្នុងពិធីនេះលោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងអធិការកិច្ច បានបញ្ជាក់ថា ក្រសួងអធិការកិច្ចគឺមានបេសកកម្មចម្បងចំនួន ៣ ដែលសំដៅដល់ការប្រឆាំងអំពើពុករលួយ ការរំលោភអំណាច ការតាមដានការអនុវត្តច្បាប់ ការអនុវត្តតាមអនុសាសន៍របស់នាយករដ្ឋមន្រ្ដី និងការទទួលពាក្យបណ្ដឹងពីពលរដ្ឋនិងអង្កេតស្រាវជ្រាវ។ 

លោក ហួត ហាក់ មានប្រសាសន៍ថា ៖«ក្រសួងអធិការកិច្ចមានបេសកកម្មធ្វើអធិការកិច្ចលើគ្រប់វិស័យ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការទប់ស្កាត់ និងមានវិធានការផ្សេងៗដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្មនានា, ទី២ក្រសួងអធិការកិច្ចក៏ទទួលបេសកកម្មពីរាជរដ្ឋាភិបាលក្នុងការតាមដានអនុវត្តន៍ច្បាប់។ ការតាមដានអនុវត្តន៍ច្បាប់គឺជាបេសកកម្មមួយយ៉ាងសំខាន់ផងដែរ របស់ក្រសួងអធិការកិច្ច គឺការត្រួតពិនិត្យ អនុលោមភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទាំងអស់ដែលកំពុងនៅជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងនោះគឺរួមបញ្ចូលទាំងការត្រួតពិនិត្យ ការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្ដីផងដែរ។ ទី៣ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងអធិការកិច្ចឱ្យទទួលខុសត្រូវលើវិស័យទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ។ ការងារទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវនេះ គឺក្រសួងមានបេសកកម្មក្នុងការ ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ហើយក៏ក្រសួងមានសមត្ថកិច្ចក្នុងការបើកការស្រាវជ្រាវ ស៊ើបអង្កេត ទៅដល់គ្រប់បុគ្គលទាំងអស់ រួមតាំងពីរូបវន្ដបុគ្គល ដែលអាចជាប្រជាពលរដ្ឋ នីតិបុគ្គល ដែលជាក្រុមហ៊ុន សមាគម ឬក៏អង្គការជាដើម គឺយើងអាចបើកការស៊ើបអង្កេតទៅលើរូបវន្តបុគ្គល ឬក៏នីតិបុគ្គលដែលមានការពាក់ព័ន្ធជាមួយនឹងសំណុំរឿងដែលដើមបណ្ដឹងបានប្ដឹងមកក្រសួងយើងខ្ញុំ»។

លោក ហួត ហាក់ ប្រាប់បន្ថែមទៀតថា បេសកកម្មអាទិភាពទាំងបី ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងនេះ គឺមានគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែលដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី។ វិស័យអធិការនេះ គឺជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម ហើយការធ្វើអធិការកិច្ចដើម្បីទាំងអស់គ្នា ហើយទាំងអស់គ្នាឆ្ពោះទៅរកអភិបាលកិច្ចល្អ។ 

លោករដ្ឋមន្ត្រីបន្តថា ការដឹកនាំត្រូវមានការត្រូតពិនិត្យ បើគ្មានការត្រួតពិនិត្យគឺគ្មានការដឹកនាំនោះឡើយ ហើយគ្មានការជឿជាក់ណាមួយដែលអាចជំនួសការត្រួត ពិនិត្យបាននោះឡើយ។ ចំពោះទស្សនៈខាងលើនេះលោក ហួត ហាក់ អះអាងថា ខ្លះត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីបានក្រើនរំលឹកជាញឹកញាប់ដល់មន្រ្ដីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យយកចិត្តទុកដាក់។ 

លោក ហួត ហាក់ បញ្ជាក់បន្ថែមទៀតថា ក្រសួងអធិការកិច្ច ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋគ្រប់វិស័យ ក៏ប៉ុន្ដែបើសិនជាបណ្ដឹងពាក់ព័ន្ធនឹងច្បាប់ ជាកិច្ចសន្យា ពាក់ព័ន្ធព្រហ្មទណ្ឌ ឬក៏ករណីបរិហារកេរ្ដិ៍ គឺមិនមែនជាសមត្ថកិច្ចរបស់ក្រសួងអធិការនោះទេ ពីព្រោះក្រសួងមិនដើរតួនាទីជំនួសតុលាការទេ ដែលបានន័យថា ក្រសួងដោះស្រាយពាក្យបណ្ដឹងរបស់ពលរដ្ឋតាមយន្ដដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ សម្រាប់ប្រជាពលរដ្ឋដែលចង់ដាក់ពាក្យបណ្ដឹង អាចដាក់ពាក្យបណ្ដឹងតាមរយៈនាយករដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវរបស់ក្រសួងអធិការកិច្ច ដែលការដាក់ពាក្យបណ្ដឹងអាចធ្វើឡើងតាមរយៈលាយលក្ខណ៍អក្សរ ឬក៏តាមរយៈអនឡាញ៕

ដោយ៖ សូរិយា


ចែករំលែក៖