ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរពិធីចែករង្វាន់ជូនសិស្សនិទ្ទេស A ប្រចាំឆ្នាំសិក្សា២០២៣.២០២៤ សាលាបឋមសិក្សាព្រះសីហនុ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ឃុន រតនា អភិបាលរងក្រុង តំណាងលោកណុប  ចំរើន អភិបាលក្រុងស្វាយរៀងនាព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការចែករង្វាន់ជូនសិស្សនិទ្ទេស A ប្រចាំឆ្នាំសិក្សា២០២៣-២០២៤សាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

   ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកអភិបាលរងក្រុង លោកស្រី ទុំ ទីណា នាយិកាសាលាបឋមសិក្សាព្រះសីហនុ លោកស្រីគង់ បូទុម គណៈកម្មការសាលា និងលោក លោកស្រី គណៈកម្មការទ្រទ្រង់សាលា នាយករង នាយិការរង លោកអនុប្រធានការិយាល័យអប់រំក្រុង លោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាង១០០០នាក់ផងដែរ។

  លោកឃុន រតនា អភិបាលរងក្រុងស្វាយរៀងបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សាលាបឋម សិក្សាព្រះសីហនុ ដែលបានខិតខំ បង្ហាត់បង្រៀនកូនក្មួយសិស្សានុសិស្ស ទទួលបានលទ្ធផលល្អ ។

    លោកបន្តថា ការចែកបណ្ណសសើរដល់សិស្សដែលទទួលបាននិទ្ទេសAប្រចាំឆ្នាំ ហើយការកំណត់និទ្ទេសនេះគឺអនុវត្តតាមស្តង់ដាគំរូដែលសាលាបឋមសិក្សាព្រះសីហនុនឹងត្រូវអនុវត្តនៅឆ្នាំសិក្សា ២០២៤.២០២៥។

   ដោយសិស្សទទួលបានបណ្ណសសើរនាពេលនេះគឺមានចំនួន៤០៨នាក់ក្នុងនោះស្រីចំនួន២៧១នាក់ដែលគិតចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ឯវិញ្ញាសាជ្រើសរើសចេញពីក្រុមបច្ចេកទេសពីកម្រិតថ្នាក់នីមួយៗ។

    លោកឃុន រតនា បានបញ្ជាក់ថា នៅឆ្នាំសិក្សា២០២៤-២០២៥ នេះសាលាបឋមសិក្សាព្រះសីហនុនឹងមានកម្មវិធីសិក្សា២ពេល គឺពេលព្រឹកនិងពេលរសៀល គឺពេលរសៀលចាប់ពីម៉ោង២រសៀលដល់ម៉ោង៤និង៣០នាទីរសៀល ហើយការបង្រៀនបន្ថែមនេះ មិនមែនជាការគាបសង្កត់ឱ្យកូនសិស្សត្រូវតែមករៀនទេ បើកូនសិស្សណាមានពេលទំនេរអាចមករៀនបាន គឺជាកម្មវិធីបង្រៀនបំប៉នមាន៣មុខវិជ្ជា រួមមានភាសាខ្មែរ គណិតវិទ្យា និងកុំព្យូទ័រ។

   លោកបន្តថា ម៉ោងពេលរសៀលនេះ ក៏សូមស្នើដល់អាណាព្យាបាលចូលរួមគាំទ្របដិភាគដល់សាលា ដើម្បីគាំទ្រដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនបំប៉នបន្ថែមដល់សិស្សានុសិស្ស ហើយចំពោះការបដិភាគនេះ គឺមានការប្រជុំរវាងអាណាព្យាបាលសិស្ស ជាមួយនឹងគណៈគ្រប់គ្រងសាលាផងដែរ ដើម្បីទទួលយកបានទាំងអស់គ្នា។

   ជាមួយគ្នានេះ លោកឃុន រតនា គូសបញ្ជាក់ថា សាលារៀនពឹងអាណាព្យាបាលសិស្ស ដើម្បីនាំកូនមករៀន ចំណែកអាណាព្យាបាលសិស្សពឹងសាលារៀនដើម្បីឱ្យកូនបានសិក្សាទទួលចំណេះដឹងទៅអនាគត សម្រាប់បុព្វហេតុអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល។ ដូចនេះសាលារៀនចាំបាច់ត្រូវសហការជិតស្និទ្ធជាមួយអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងសហគមន៍របស់ខ្លួន។

   លោកក៏បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់ក្មួយៗ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ។ ពិសេសត្រូវចូលរួម គោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ជាចម្បង៕

ដោយ៖ សុថាន


ចែករំលែក៖