ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំ Arsenal ប៉ះក្រុមខ្លាំងមកពីអុីតាលី Atalanta រាត្រីនេះ

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal កំពុងធ្វើដំណើរទៅជួបក្រុមការពារតំណែងជើងឯក Europa League មកពីអុីតាលី Atalanta នៅកីឡដ្ឋាន Gewiss រាត្រីថ្ងៃព្រហស្បតិ៍នេះសម្រាប់ការប្រកួតបើកឆាកនៃពានរង្វាន់ UEFA Champions League ឆ្នាំ២០២៤-២០២៥ ដែលនេះជាការប្រកួតដំបូងនៃរដូវកាលអឺរ៉ុបសម្រាប់ក្រុមទាំង២។

ខ្សែប្រយុទ្ធ Gianluca Scamacca បានបង្ហាញខ្លួនឲ្យក្រុម Atalanta លើកពានរង្វាន់ Europa League កាលពីរដូវកាលមុន ដោយរកបាន៦គ្រាប់។ រីឯនៅក្នុងយុទ្ធនាការ Champions League កាលពីរដូវកាលមុន ខ្សែប្រយុទ្ធ Bukayo Saka, Leandro Trossard និង Gabriel Jesus ជាកីឡាករជួរមុខគេដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ឲ្យក្រុមកាំភ្លើងធំ Arsenal។

ក្រុមភ្ញៀវ Arsenal មានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួត១១លើកចុងក្រោយក្នុងការប្រកួតទាំងអស់។ ក្រុមនេះបានវាយបករកគ្រាប់បាល់តាមពីក្រោយគ្រប់ការប្រកួតចាប់តាំងពីជំនួប Champions League ជាមួយ Bayern München កាលពីខែមេសាកន្លងទៅ។

លើសពីការប្រកួត Europa League ចំនួន៧នៅកីឡដ្ឋាន Gewiss កាលពីរដូវកាលមុន ក្រុម Atalanta បានឈ្នះការប្រកួតចំនួន៥ ស្មើ១ និងចាញ់១។ ទន្ទឹមនឹងនេះ Arsenal ឈ្នះ១ ស្មើ១ និងចាញ់៣ដងក្នុងការប្រកួត Champions League ៥លើកនៅក្រៅទឹកដី។ ក្រុមអង់គ្លេសកំពុងសម្លឹងរកការឈ្នះក្នុងការប្រកួតក្រៅដីចំនួន៥ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់របស់ខ្លួន។

ក្នុងការប្រកួត៦លើកចុងក្រោយនៅការប្រកួតទាំងអស់ Atalanta ឈ្នះ២ និងចាញ់៤ ក្នុងនោះរកបានការស៊ុតបាល់បញ្ចូលទី១០គ្រាប់ និងរបូត១៣គ្រាប់ឯណោះ។ ចំណែក Arsenal បានឈ្នះ៥ និងស្មើ១ក្នុង៦ក្រុមចុងក្រោយ ក្នុងនោះរកបានគ្រាប់បាល់បញ្ចូលទី១០គ្រាប់ និងរបូតតែ២គ្រាប់ប៉ុណ្ណោះ។

ប្រវត្តិជួបគ្នារវាងក្រុមទាំង២គឺមិនដែលបានជួបគ្នានៅឡើយទេសម្រាប់ការប្រកួតក្របខ័ណ្ឌអឺរ៉ុបមួយនេះ។ Atalanta បច្ចុប្បន្នកំពុងឈរលេខរៀងទី៩បណ្តោះអាសន្ននៅអ៊ីតាលី Serie A ពីការប្រកួតក្នុងលីកនេះចំនួន៤ប្រកួត  ខណៈដែល Arsenal កំពុងឈរលេខរៀងទី២បណ្តោះអាសន្ននៅលីកកំពូលអង់គ្លេស ពីការប្រកួតក្នុងលីកចំនួន៤ប្រកួតដូចគ្នា។ 

តាមការព្យាការណ៍ពីលទ្ធផលនេះការប្រកួតរវាងក្រុមទាំង២គឺកាំភ្លើងធំ Arsenal អាចនឹងយកជ័យជម្នះក្នុងលទ្ធផល១ទល់០ ខណៈដែលអ្នកជំនាញផ្នែកកីឡាករអន្តរជាតិផ្សេងទៀតទស្សន៍ទាយថា Arsenal នឹងយកឈ្នះ Atalanta ក្នុងលទ្ធផល ២ទល់១ផងដែរ ៕

ដោយ៖ ភារៈ (រូបភាព ៖ soccerway.com)


ចែករំលែក៖