ភ្នំពេញ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋសរុបចំនួន ១១៩,៤៦២នាក់ បានចូលរួមឈ្វេងយល់អំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅតាមរដ្ឋបាលដែនដីរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់នៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ (សុខៈ)។
លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច ក្របខណ្ឌក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ បានបន្តផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាប្រចាំយ៉ាងសកម្មនៅតាមកិច្ចប្រជុំ វេទិកាសាធារណៈ សាលារៀន ទីវត្តអារាម និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីធានាថាពួកគាត់បានជ្រួតជ្រាបអំពីគោលនយោបាយរបស់របស់រាជរដ្ឋាភិបាល ជាពិសេសគឺចូលរួមសហការទប់ស្កាត់រាយការណ៍បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យជឿនលឿនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតជាប្រចាំដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅធានាការពារបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងសង្គមជាតិ ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រកបដោយភាពកក់ក្តៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះ អាជ្ញាធរថ្នាក់ក្រោមជាតិក្របខណ្ឌក្រសួងមហាផ្ទៃទូទាំង២៥រាជធានី-ខេត្ត បានផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានសរុបជាង ៣ពាន់លើកតាមកិច្ចប្រជុំ វេទិកាសាធារណៈ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងនោះ រួមមាន នៅថ្ងៃទី៨ ខែកញ្ញា បានផ្សព្វផ្សាយចំនួន ៣១៤លើក និងមានប្រជាពលរដ្ឋចូលរួម ១៤,២២៧នាក់។ នៅថ្ងៃទី៩កញ្ញា បានចំនួន ៤១០លើក និងមានអ្នកចូលរួម ១៧,៧៨៨នាក់។ នៅថ្ងៃទី១០ បានចំនួន ៥៤៤លើក និងមានប្រជាពលរដ្ឋចូលរួម២១,៥១៨នាក់។ នៅថ្ងៃទី១១ បានចំនួន ៥៤៩លើក និងមានប្រជាពលរដ្ឋចូលរួម ១៩,៨៨៣នាក់។ នៅថ្ងៃទី១៣ បានចំនួន ៤១៧លើក និងមានប្រជាពលរដ្ឋចូលរួម ១៥,៧៧៧នាក់។ នៅថ្ងៃទី១៤ បានចំនួន ៣៨៣លើក និងមានប្រជាពលរដ្ឋចូលរួម ១៦,៩៤៥នាក់ និងថ្ងៃទី១៥ ខែកញ្ញា ផ្សព្វផ្សាយបានចំនួន ៣០២លើក និងមានប្រជាពលរដ្ឋចូលរួម ១៣,៣២៤នាក់។
ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានមានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់បានបន្តពង្រឹងស្មារតីម្ចាស់ការ ខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាអនុវត្តនូវវិធានការទាំង៧ចំណុចក្នុងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក្នុងនោះ រួមមាន ១.ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦.មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
ដោយ ៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ