ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកJonathan Kings ឯកអគ្គរាជទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Jonathan Kings ឯកអគ្គរាជទូត នៃប្រទេសនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan Kings ឯកអគ្គរាជទូតនៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក ឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនូវែលសេឡង់-កម្ពុជាថែមទៀត ជាពិសេសតាមរយៈការខិតខំជំរុញវិនិយោគិន នូវែលសេឡង់មកកម្ពុជាឱ្យបានច្រើន ព្រមទាំងបានបង្ហាញពីបំណងក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែក គាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកឯកអគ្គរាជទូត បានគោរពជម្រាបជូន សម្តេចធិបតី ថា រដ្ឋាភិបាលនូវែលសេឡង់នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ដែលបានផ្តល់ អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងផ្តល់ការឧបត្ថម្ភគាំទ្រលើវិស័យ ជាច្រើនផ្សេងទៀត រួមទាំងសកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍នៅតំបន់អង្គរ។ សម្តេចធិបតី បានចែករំលែកដោយសង្ខេបអំពីយន្តការ និងវិធានគន្លឹះសំខាន់ៗ ក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់ តែប្រសើរឡើង និងប្រកបដោយភាពទាក់ទាញ។

សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ការអប់រំ និងបណ្តុះបណ្តាវិជ្ជាជីវៈ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិរក្សវប្បធម៌ និងការពារជាតិ ៕ 

ដោយ ៖ សិលា


ចែករំលែក៖