ខេត្តកំពង់ឆ្នាំង៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង និងស្ថានភាពជីវភាពរស់នៅនិងការបង្កបង្កើនផលរបស់បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង សម្រេចបានរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ មានដូចជា ការឧបត្ថម្ភថវិកាជូនអតីតយុទ្ធជន ការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន៦៦សព ស្មើថវិកា ២៦៤លានរៀល ការបើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន០២លើក ស្មើ៤៤គ្រួសារ ស្មើថវិកា ៣៦៧លានរៀល និង ការនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកនៅទូទាំងខេត្តកំពង់ឆ្នាំង ។
នាឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈងាយស្រួល និងការដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្ត បានទាន់ពេលវេលា និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមជួយដោះស្រាយនូវរាល់ការលំបាកដល់គណៈកម្មាធិការសមាគមកម្ពុជាខេត្តកំពង់ឆ្នាំង នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ។
លោកទេសរដ្ឋមន្ដ្រី បានប្រគល់ទិសដៅភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងបណ្ដា មន្ទីរ ស្ថាប័ន អង្គភាពទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ៕
ដោយ៖ តារា