ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្ដីពីការចោទប្រកាន់លើគណនីហ្វេសប៊ុកឈ្មោះ Tan Kimsour ពាក់ព័ន្ធករណីការឃុំខ្លួនលើយុវជនជាអ្នកសារព័ត៌មាន

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ សូមធ្វើការបដិសេធ និងច្រានចោលចំពោះ ការចោទប្រកាន់ និងបកស្រាយខុសពីការពិតនៅលើគណនីហ្វេសប៊ុកឈ្មោះ Tan Kimsour ថា៖«សុំសួរទៅតុលាការ សាលាដំបូងខេត្តកំពង់ធំបន្តិចថា ក្នុងស្ថានទម្ងន់ទោសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌមាត្រា៣០៥ មាត្រា៤៩៥ មាត្រា៤៩៦ ដូចមិនមានតម្រូវឱ្យដាក់ពន្ធនាគារទេ តែហេតុអ្វីបានជាតុលាការសម្រេចចាប់យុវជនខាងលើដាក់ពន្ធនាគារ មកដល់ឥលូវនេះចូល៤ខែហើយ ហើយបិតមិនឱ្យមេធាវីបន្តការស៊ើបសួរទៅទៀត? ខ្ញុំឆ្ងល់ សូមលោកតុលាការ សាលាដំបូងខេត្តកំពង់ធំជួយបំភ្លឺឱ្យខ្ញុំក៏ដូចជាប្រជាជនខេត្តកំពង់ធំ ដែលកំពុងតែកើតទុក្ខមិនសុខចិត្តបានដឹងផង។»។ ការលើកឡើងខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ថាប័ន សាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តកំពង់ធំ និងធ្វើឱ្យមានការយល់ច្រឡំមកលើការសម្រេចសេចក្ដីអំពីការអនុវត្តនីតិវិធីរបស់ប្រព័ន្ធតុលាការ ផងដែរ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ សូមជម្រាបជូនសាធារណជន ជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខៈ ៥២០ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ ៣៤១អ.ក/២០២៤ ចុះថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាអ្នកហាត់ការ សារព័ត៌មាន HPN NEWS បានធ្វើការឡាយវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាមចំនួន ០៣ដង ដោយប្រើប្រាស់ពាក្យសំដីអសុរោះ រិះគន់តិះដៀលដល់មន្ត្រីបរិស្ថាន ថ្នាក់ដឹកនាំក្នុងខេត្ត និងរាជរដ្ឋាភិបាល ដោយយក ការកាប់បំផ្លាញព្រៃឈើ លាយឡំទៅនឹងនយោបាយ ដោយញុះញង់ឱ្យមានការរើសអើង ស្អប់ខ្ពើមជាតិសាសន៍ដ៏ទៃ។

ក្រោយពីបានពិនិត្យអង្គហេតុ និងភស្តុតាងដែលមានក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣១ឆ្នាំ ដោយដាក់ ឱ្យស្ថិតក្រោមការពិនិត្យពីបទ៖«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឱ្យមានការរើសអើង» បទបញ្ញត្តិឱ្យផ្តន្ទា ទោសតាមមាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រទណ្ឌ និងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» បទបញ្ញត្តិឱ្យផ្តន្ទា ទោសតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿងព្រហ្មទណ្ឌខាងលើ ត្រូវបានចៅក្រមស៊ើបសួរ បិទបញ្ចប់ ការស៊ើបសួរ និងបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមរយៈដីកាដំណោះស្រាយលេខៈ ៤៤៨៨ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ និងដីកាសម្រេចរក្សាការឃុំខ្លួនបណ្តោះអាសន្នលេខៈ៤៤៨៩ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ធំ នឹងបើកសវនាការពិភាក្សាដេញដោលជាសាធារណៈ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក។

ឆ្លើយតបទៅការលើកឡើងរបស់គណនីហ្វេសប៊ុកឈ្មោះ Tan Kimsour ត្រង់ចំណុច ក្នុងស្ថានទម្ងន់ទោស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌមាត្រា ៣០៥ មាត្រា ៤៩៥ មាត្រា ៤៩៦ ដូចមិនមានតម្រូវឱ្យដាក់ពន្ធនាគារទេ តែ ហេតុអ្វីបានជាតុលាការសម្រេចចាប់យុវជនខាងលើដាក់ពន្ធនាគារ មកដល់ឥលូវនេះចូល៤ខែហើយ ហើយបិទមិនឱ្យ មេធាវីបន្តការស៊ើបសួរទៅទៀត?» ថា៖​ តាមបញ្ញត្តិនៃមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ បានចែងអំពីបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ» គឺពិតជាពុំ មានការផ្តន្ទាទោសដាក់ពន្ធនាគារនោះទេ ដោយកំណត់ត្រឹមតែការពិន័យជាប្រាក់ចាប់ពី ១០០.០០០ (មួយសែនរៀល) ទៅ ១០.០០០.០០០(ដប់លានរៀល) តែប៉ុណ្ណោះ។ ដោយឡែកតាមបញ្ញត្តិនៃមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ បានចែងអំពីបទល្មើស «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កំណត់ឱ្យផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៦ខែ ទៅ ០២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១.០០០.០០០ (មួយលានរៀល) ទៅ ៤.០០០.០០០ (បួនលានរៀល) និងមាត្រា ៤៩៦ នៃ ក្រមព្រហ្មទណ្ឌ «ញុះញង់ឱ្យមានការរើសអើង» កំណត់ឱ្យផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០១ឆ្នាំ ទៅ ០៣ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១.០០០.០០០ (មួយលានរៀល) ទៅ ៦.០០០.០០០ (ប្រាំមួយលានរៀល)។

ផ្អែកតាមមាត្រា ២០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការឃុំខ្លួនបណ្តោះអាសន្នអាចអនុវត្តបានតែក្នុងករណីចោទ ប្រកាន់ពីបទឧក្រិដ្ឋ ឬ បទមជ្ឈិម ដោយផ្តន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី០១ឆ្នាំ ។ បន្ថែមពីនេះមាត្រា ២០៥ មូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្ន, មាត្រា ២០៦, មាត្រា ២០៨ និងមាត្រា ២០៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានផ្តល់ សិទ្ធិឱ្យតុលាការអាចធ្វើការសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣១ឆ្នាំ ដោយកំណត់ថិរវេលាអតិបរមា ០៤ខែ។

ចំពោះការលើកឡើងថា «តុលាការបិទមិនឱ្យមេធាវីបន្តការស៊ើបសួរទៅទៀត» ជាការចោទប្រកាន់មិនត្រឹមត្រូវ ដោយសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ ជនត្រូវចោទមានមេធាវីការពារសិទ្ធិចំនួន ០២រូប គឺ ១. មេធាវី អ៊ុន ច័ន្ទថុល បានដាក់ពាក្យការពារសិទ្ធិឱ្យជនត្រូវចោទ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ និងបានស្នើសុំឈប់ការពារក្តីលើជនត្រូវចេ ឈ្មោះ សឿ សុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ២.មេធាវី អ៊ឹម ផាន់ណា បានដាក់ពាក្យការពារសិទ្ធិឱ្យជនត្រូវចោទ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការពុំទទួលបានការស្នើសុំឱ្យបំពេញកិច្ចណា មួយពីមេធាវីការពារសិទ្ធិរបស់ជនត្រូវចោទ លើចំណាត់ការនៃនីតិវិធីស៊ើបសួរក្នុងសំណុំរឿងព្រហ្មទណ្ឌនោះទេ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានការសោកស្តាយជាខ្លាំង ចំពោះម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ Tan Kimsour ដែលបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Tan Kimsour ដោយ បំផ្លើសខុសពីការពិត ទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើស្ថាប័នតុលាការ ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងប៉ះពាល់ដល់ការសម្រេចសេចក្តីដោយឯករាជ្យរបស់តុលាការ ព្រមទាំងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ៕

ដោយ​៖ តារា​


ចែករំលែក៖