ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋក្រុងប៉ោយប៉ែតមានការត្អួញត្អែរអំពីបញ្ហាសំរាមនៅតែជាបញ្ហាចម្បង ដោយសារការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីជាក្រុមហ៊ុនផ្ដាច់មុខក្នុងការប្រមូលសំរាម មានការយឺតយ៉ាវទុកចោលតាមមុខផ្ទះ។
ចំណែកពលរដ្ឋមួយភាគបង្ខំចិត្តជួលក្រុមអ្នករើសអេតចាយយកទៅចោលតាមដីវាលស្រឡះឫក៏តាមផ្លូវលំនិងផ្លូវបេតុងដាច់ស្រយាលដើម្បីចោលសំរាមធ្វើយ៉ាងណាឱ្យតែផុតពីផ្ទះ ដែលជះក្លិនស្អុយមុខផ្ទះរបស់ពួកគាត់ តែវាបង្កផលប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ ព្រោះតំបន់ទីប្រជុំជនក្រុងប៉ោយប៉ែតបច្ចុប្បនកំពុងតែមមាញឹករីកដុះដាលនូវអគារខ្ពស់ៗ ដោយឡែកភ្ញៀវអន្តរជាតិក៌កាន់តែមានច្រើនក្នុងករណីជួលអគារផងដែរ។
ពលរដ្ឋខ្សឹបប្រាប់យ៉ាងខ្លាំងៗថា មូលហេតុដែលពួកគាត់ព្រមជួលអ្នកប្រមូលសំរាមដឹកតាមរទេះនិងម៉ូតូសណ្ដោងរ្មុឺម៉កអោយយកទៅចោល ដោយដោះដូរនឹងលុយបន្តិចបន្តួច ព្រោះតែក្រុមហ៊ុនប្រមូលសំរាមក្រុងប៉ោយប៉ែតមានការយឺតយ៉ាវយ៉ាងខ្លាំង ក្នុងការប្រមូលសំរាមតាមផ្ទះ មានផ្លូវខ្លះ ទុក 5 ទៅ 6ថ្ងៃមិនទាន់មកប្រមូលឡើយទុកឱ្យសំរាមស្អុយរលួយគរដូចភ្នំតាមមុខផ្ទះបង្កផលប៉ះពាល់ដល់បរិស្ថាន បង្កើតជាជម្ងឺដល់មនុស្សគ្រប់វ័យ ជាពិសេសកុមារ ដូចនេះទើបពួកគាត់ជួលអ្នកដែលដើរយកសំរាមតាមផ្ទះទៅបោះចោល សេវាកម្មរហ័សនិងយកជារៀងរាល់ថ្ងៃដើម្បីយកចេញពីផ្ទះ។ ម្យ៉ាងទៀតក្រុមកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីដែលប្រមូលសំរាម ពលរដ្ខអាណិតតែងតែឱ្យសេវាក្រៅបន្ថែម លើប្រាក់ប្រចាំខែដែលក្រុមហ៊ុនប្រមូលផ្តល់ឱ្យ ប៉ុន្តែពេលឲ្យយូរៗទៅមិនបានឱ្យប្រាក់ម្ដងគឺមិនប្រមូលសំរាមយកពីមុខផ្ទះរបស់ពួកគាត់ឡើយ។
ពួកគាត់បន្តថាៈ កន្លងមកខាងអាជ្ញាធរតែងតែប្រមូលពលរដ្ឋបើកវេទិកាសាធារណៈអំពីបញ្ហាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងនោះមានទាំងក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុនស៊ិនទ្រីដែលមានតូនាទីប្រមូលសំរាមផ្ដាច់មុខប្រចាំក្រុងប៉ោយប៉ែតផងដែរ។ ពួកគាត់បញ្ជាក់ថាៈបើទោះបីបើកវេទិកាសាធារណៈអំពីទុក្ខកង្វល់ពលរដ្ឋករណីសំរាមយ៉ាងណាក៏ដោយ ក៏គេមើលឃើញថាសំរាមនៅតាមទីសាធរណៈគ្រប់ទីកន្លែងគរដូចដំបូកមិនថាផ្លូវបេតុងឫផ្លូវលំនោះទេ អសមត្ថភាពក្នុងការប្រមូលសំរាម ខ្វះភាពទទួលខុសត្រូវ សម្ភារៈដឹកជញ្ជូនតិចពលរដ្ឋប្រើប្រាស់ថង់ផ្លាស្ទឹកមានការកើនឡើង ។
មានហានីភ័យខ្ពស់បញ្ហាសុខភាព និងស្ទះប្រព័ន្ធលូ ជះក្លិនស្អុយដល់អ្នកធ្វើដំណើរឆ្លងកាត់តំបន់គំនរសំរាមម្ដងៗ។ ក្នុងនោះពលរដ្ខអំពាវនាវដល់អាជ្ញាធរនិងមន្ត្រីបរិស្ថានក្រុងធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសុិនទ្រីជាអ្នកម៉ៅការផ្ដាច់មុខបញ្ហាសំរាមឲ្យមានការទទួលខុសត្រូវខ្ពស់ដើម្បីទីក្រុងមួយនេះក្លាយជាទីក្រុងស្អាតសមទៅនឹងទទួលបានផ្ការំដួល២ទងនិងក្លាយជាទីក្រុងទេសចរណ៏ ។
អាជ្ញាធរក្នុងមូលដ្ឋានបានបញ្ជាក់ថាៈពួកគាត់មានការទប់ស្កាត់ណាស់ដែរបញ្ហាសំរាមអនាធិបតេយ្យ និងឲ្យមានប្រជាការពារជិះម៉ូតូល្បាតមើលរៀងរាលយប់ដែរ តែការឃ្លាំមើលមិនឈ្នះអ្នកយកមកចោលនោះទេ ដោយការប្រមូលសំរាមរបស់ក្រុមហ៊ុនមានការចន្លោះប្រហោងនៅភូមិនីមួយៗ ព្រោះក្រុងប៉ោយប៉ែតឥឡូវមានការអភិវឌ្ឍច្រើន ដូច្នេះហើយបញ្ហាសំរាមមានការកើនឡើង រីឯសម្ភារដឹកជញ្ជូនតិចទើបមានការយកទៅបោះចោលតាមផ្លូវនានា តែទោះយ៉ាងណាសំរាមអនាធិបតេយ្យទាំងនោះក៏អាជ្ញាធររួមជាមួយក្រុមហ៊ុនតែងតែប្រមូលយកជារៀងរហូតដោយមិនទុកចោលនោះឡើយ៕
ដោយ ៖ វណ្ណា