ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ទីបំផុត​! ឃាត់ខ្លួនបានហើយ​ ក្រុម​ជើងខ្លាំងព្រួតវាយលើសិស្សស្រីម្នាក់ ខណៈ​សមត្ថកិច្ច​តាមចាប់ដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅរាត្រីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានឃាត់ខ្លួនសិស្សសាលាមួយក្រុមមានគ្នា​ ០៤នាក់ ក្នុងនោះមានប្រុស​ចារឹក​ស្រី(ភេទទី៣ម្នាក់) និងសិស្សស្រីចំនួន ៣នាក់ទៀតបានហើយ ។

សមត្ថកិ​ច្ចបានតាមឃាត់ខ្លួនពួកគេនៅត្រង់ចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ សមត្ថកិច្ចបាននឹងកំពុងដឹកពួកគេមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។

គួរជម្រាបជូនថា​ យោងតាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ បុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។

ក្រោយឃើញការចែកចាយវីដេអូនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់យកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ទន្ទឹមគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់អាណាព្យាបាលរបស់ក្មេងៗសិស្សសាលាមួយក្រុមនេះ នាំកូនៗរបស់ខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយតាមនីតិវិធី។

ជាការកត់សម្គាល់ លើសពីការរិះគន់ទៅទៀត សាធារណមតិបានសំណូមពរឱ្យសមត្ថកិច្ចអនុវត្តន៍ច្បាប់ឱ្យតឹងរ៉ឹងជាទីបំផុតលើក្រុមក្មេងទំនើងមួយក្រុមនេះ ដើម្បីកុំឱ្យដំបៅដែលកើតចេញពីក្រុមក្មេងទំនើងមួយនេះកើតជាមហារីក ឆ្លងរីករាលប៉ះពាល់ទៅដល់យុវជនខ្មែរឯទៀត៕

ដោយ៖ តារា


ចែករំលែក៖