ភ្នំពេញ៖ បន្ទាប់ពីមានការចែកចាយវីដេអូឃ្លីបមួយបានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកបានស៊ែរតៗគ្នា អំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ បុគ្គលភេទទី៣ បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។
ក្រោយឃើញការចែកចាយវីដេអូនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ កំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់យកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ទន្ទឹមគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់អាណាព្យាបាលរបស់ក្មេងៗសិស្សសាលាមួយក្រុមនេះ នាំកូនៗរបស់ខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីដោះស្រាយតាមនីតិវិធី។
គួរបញ្ជាក់ថា វីដេអូឃ្លីបប្រហែល៣នាទី ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គមបង្ហាញពីទង្វើអសីលធម៌របស់យុវជន យុវតីមួយក្រុមនេះ ទាំងដែលពួកគេស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា អាវស សំពត់ខៀវ បែរជានាំគ្នាប្រព្រឹត្តអំពើមិនគួរគប្បីទៅវិញ៕
ដោយ៖ តារា