ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសតែងតាំងលោក វង្សី វិស្សុត ជាប្រធានក្រុមកាងារគណបក្សប្រជានកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ បានធ្វើពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា។

លោក សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ស្ដីពីការកែសម្រួលប្រធានក្រុមការងារ ដោយត្រូវបានចាត់តាំង លោក វង្សី វិស្សុត ជាប្រធានក្រុមការងារគ ណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជំនួសសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល។

លោក វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក៏បានប្តេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាគោរពនិងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយសម្រេចបាននូវសា្នដៃជាច្រើនក្នុងការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង ជាពិសេសគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ទទួលបានការគាំទ្រ និងទទួលជ័យជម្នះគ្រប់អាណត្តិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្ដាំផ្ញើដល់លោក វង្សី វិស្សុត ដែលទើបទទួលបានការចាត់តាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្សដែលថ្នាក់កណ្ដាល បានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ដោយឈរលើមាគ៌ារបស់បក្ស ដើម្បីអនុវត្តនូវការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះ ឆ្នោតនៅអាណត្តិក្រោយៗទៀត ឲ្យទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់។ 

សូមបញ្ជាក់ថា ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេច : ប្រការ១: ចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ របស់ គណបក្សប្រជាជនកម្ពុជា នៅតាមមណ្ឌលភូមិភាគនីមួយៗ ដូចខាងក្រោម :

១-ភូមិភាគទី១ (រាជធានីភ្នំពេញ) លោក ប្រាក់ សុខុន ប្រធាន

២-ភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) លោក អ៊ុច បូររិទ្ធ ប្រធាន

៣-ភូមិភាគទី៣ (ខេត្តកណ្តាល) លោក ម៉ម ប៊ុននាង ប្រធាន

៤-ភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្ត ប៉ៃលិន) លោក ប៉ុល លឹម ប្រធាន

៥-.ភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) លោក ខៀវ មុត ប្រធាន

៦-ភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) លោកស្រី មាន សំអាន ប្រធាន

៧-ភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) លោក ម៉ុង ឬទ្ធី ប្រធាន

៨- ភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្ត មណ្ឌលគិរី) លោក នាង ផាត ប្រធាន

ប្រការ២ : ក្រុមបេក្ខជនខាងលើនេះមានភារកិច្ច ៖

-ប្រធាន និងអនុប្រធាន ត្រូវធ្វើទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សរាជធានី ខេត្ត ដែលនៅក្នុងភូមិភាគរបស់ខ្លួន ដើម្បីនាំសមាជិក សមាជិកាទាំងអស់ក្នុងក្រុមរបស់ខ្លួន បង្ហាញមុខឱ្យអង្គបោះឆ្នោតបានស្គាល់។

-ក្រុមនីមួយៗត្រូវបែងចែកគ្នាចុះធ្វើសកម្មភាពពីឥឡូវជាមួយអង្គបោះឆ្នោត ដោយក្នុងនោះត្រូវ សហការឱ្យបានល្អជាមួយសមាជិកគណបក្សដែលជាសមាជិក សមាជិកាព្រឹទ្ធសភាបច្ចុប្បន្នរបស់យើង។

-ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រុម បេក្ខជនក្នុងភូមិភាគនីមួយៗត្រូវរួមគ្នាត្រៀមសម្រាប់ការឃោសនាបោះឆ្នោត និងត្រូវចាត់ចែងចេញធ្វើ យុទ្ធនាការឃោសនាបោះឆ្នោតឱ្យបានល្អបំផុត តាមការកំណត់នៃច្បាប់ និងផែនការដែលបានគ្រោងទុក។

ប្រការ៣ : ក្រុមបេក្ខជនទាំងអស់ខាងលើនេះ ត្រូវបញ្ចប់ភារកិច្ចជាស្ថាពរនៅពេលដែលគ.ជ.ប បានប្រកាស លទ្ធផលបោះឆ្នោតជាផ្លូវការរួច។

ប្រការ៤: ស្ថាប័នគណបក្សដែលពាក់ព័ន្ធ ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត គណៈកម្មាធិការ គណបក្សរាជធានី ខេត្ត សមាជិកគណបក្សដែលជាសមាជិក សមាជិកាព្រឹទ្ធសភាបច្ចុប្បន្ន និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានឈ្មោះក្នុងប្រការ១ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖