ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី​ ៖​ យុវជនមិនត្រូវភ្លេចអ្វីដែលជាប្រវត្តិជូរចត់របស់ប្រជាជនខ្មែរនាសម័យរបបកម្ពុជាប្រជាធិបតេយ្យឡើយ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនទាំងអស់មិនថាជំនាន់នេះ ឬ ជំនាន់ក្រោយទេ គេសង្ឃឹមជឿជាក់ថានឹងមិនភ្លេចនូវអ្វី ជាប្រវត្តិជូរចត់របស់ប្រជាពលរដ្ឋកម្ពុជាដែលទទួលរងទណ្ឌកម្មយ៉ាងឃោរឃៅ ក៏ដូចជាការកាប់សម្លាប់ដែលគ្មានក្នុងប្រវត្តិសាស្រ្តពិភពលោកមួយនេះឡើយ​ ។  ការថ្លែងនេះគឺជាការលេីកឡេីងរបស់លោក ហ៊ុន ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពេលអញ្ចើញគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជនយុទ្ធនារីដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៦ ខែ មករា ឆ្នាំ ២០២៤។

    លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងទៀតថា៖”មិនថាជំនាន់នេះទេគឺជំនាន់ក្រោយៗបន្តទៀតមិនសុំឱ្យគាត់(យុវជន)រស់ក្នុងអតីតកាលទេ តែកុំភ្លេចអ្វីដែលជាប្រវត្តិជូរចត់របស់ប្រជាជនខ្មែរព្រោះថាប្រវត្តិនេះយើងអាចនិយាយបានថាពិភពលោកតែម្តងមិនមានប្រទេសណាដែលអាចទទួលរងទុក្ខវេទនាដូចរបបប្រល័យពូជសាសន៍និងការកាប់សម្លាប់មនុស្សជាតិដូចកម្ពុជានោះទេ។ពិភពលោកបានទទួលស្គាល់ និង ការចងចាំ”។

      លោកបានលើកឡើងដោយបញ្ជាក់ថា៖ អ្វីៗយើងមិនភ្លេចនៃការបាត់បង់ជីវិតនិងសោដនាដកម្មនេះទេ។ក្នុងនេះស្អែកនេះជាខួបលើកទី៤៥ ឆ្នាំ នៃថ្ងៃរំដោះ៧មករា ដែលប្រជាពលរដ្ឋបានរួចជីវិតឡើងមកវិញ គេហៅថាថ្ងៃកំណើតទី ២ ឬក៏ជាថ្ងៃជ័យជំនះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ទោះបីយ៉ាងណាកត្តាធំបំផុតយើងចង់បញ្ជាក់ថាយុវជនជំនាន់ក្រោយទោះបីយើងបានឆ្លងកាត់ដំណាក់កាលលំបាកនៃសង្រ្គាមស៊ីវិល និងទទួលបាននូវសុខសន្តិភាព។យើងអបអរសាទរអ្វីដែលប្រទេសកម្ពុជាសម្រេចបាន និងបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែយើងក៏អត់បំភ្លេចបាននៃវិញ្ញាណក្ខន្ធប្រជាពលរដ្ឋយើងឡើយ”។

      លោកបានលើកឡើងដោយបញ្ជាក់ថាក្នុងឆ្នាំ២០២៣មានអ្នកទេសចរណ៍១២ម៉ឺននាក់បានចូលទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងនេះមានជនជាតិបរទេសប្រមាណជាង៥០ភាគរយបានចូលទស្សនា។អញ្ចឹងយើងឃើញថាបរទេសនៅតែចងចាំអ្វីដែលជាសោកនាដកម្មបានកើតឡើងនៅកម្ពុជា។ពួកគេនឹកឃើញអ្វីដែលជាការបាត់បង់ជីវិត និងការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា។អញ្ចឹងយើងជាជនជាតិខ្មែរត្រូវចងចាំអ្វីដែលជាប្រវត្តិសាស្រ្តរបស់យើង។

      គួរបញ្ជាក់ថា​ ក្នុងពិធីនេះមានប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការកាប់សម្លាប់ក្នុងរបកម្ពុជាប្រជាធិបតេយ្យ។ក្នុងពិធីនេះដែរគេក៏ឃើញមានការដង្ហែក្បួនដាក់កម្រងផ្កានៅខាងមុខខ្លោងទ្វារស្តូប ពិធីគោរពវិញ្ញាណក្ខន្ធ ពិធីបង្សុកូល ពិធីថ្វាយគ្រឿងសក្ការៈ ពិធីនមស្កាសមាទានសីលផងដែរ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖