ព័ត៌មានទាន់ហេតុការណ៍៖

ការនាំចេញស្រូវអង្ករ​កម្ពុជា​ រកចំណូលបានជាង ១,៧ពាន់លានដុល្លារ​ នៅក្នុង​ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ កម្ពុជា​ ការនាំចេញអង្ករ​បានជាង ៦៥​ម៉ឺនតោន និងស្រូវជាង ៤លានតោន​ នៅដោយមានចំនួនទឹក​ប្រាក់ប្រមាណជាង​​​ ១,៧ពាន់លានដុល្លារ​ នៅក្នុងឆ្នាំ២០២៣។ នេះបេី​យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។ 

របាយការណ៍ដដែល​ បានបញ្ជាក់ថា ការនាំចេញ​អង្ករឆ្នាំ ២០២៣ មានកំណើនលើបរិមាណ៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។

សហព័ន្ធស្រូវអង្ករកម្ពុជា​ បានឱ្យដឹងទៀតថា​ អង្ករដែលកម្ពុជា ធ្វើការនាំចេញ​តាមរយៈក្រុមហ៊ុនចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ដោយទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ​ ក្នុងនោះ​ការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាល​ស្វយ័តហុងកុង បានចំនួន ២១២ ៧៥៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨​លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤ ៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លាន​ដុល្លារសហរដ្ឋអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ ប្រទេស បានបរិមាណចំនួន ៩៣ ៣៧៦ តោន គិតជាទឹកប្រាក់ចំនួន ៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ​ចំនួន២៦ ប្រទេសបានចំនួន៨៥ ៥០៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន៧៦ លានដុល្លារសហរដ្ឋ​អាមេរិក។

ចំណែក​ប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះមានអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩%, អង្ករស ចំនួន ១២.៩៤% , អង្ករចំហ៊ុយ ២.៩២ %, អង្ករសរីរាង្គចំនួន ១.៦២%, អង្ករសគ្រាប់ខ្លីចំនួន ០.០៣% និងអង្ករដំណើបចំនួន ០.២០%។

ដោយឡែក​ការនាំចេញស្រូវមានការកើនឡើងលើបរិមាណចំនួន ២៦.៥០% និងទឹកប្រាក់មានកំណើនចំនួន ៥៦.៦៩% បើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២​។ ក្នុងនោះ ការនាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណជា ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

ដោយ​៖ តារា​


ចែករំលែក៖