ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រកាសសមាសភាពក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ។
ក្រុមការងារនេះជាសេនាធិការជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដែលយកមកប្រើប្រាស់ក្នុងសកម្មភាពស្របច្បាប់លើវិស័យសុខាភិបាល ឧស្សាហកម្ម កសិកម្ម រ៉ែ និងថាមពល ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរទៅប្រើប្រាស់ក្នុងសកម្មភាពស្របច្បាប់។ ប្រមូលព័ត៌មាននិងគ្រប់គ្រងពាក់ព័ន្ធការនាំចូល នាំចេញ ដឹកជញ្ជូន រក្សាទុក ជួញដូរ ប្រើប្រាស់ និងសន្និធិ សារធាតុ ដែលបានប្រើប្រាស់នៅក្នុងវិស័យ គ្រប់គ្រងការចរាចរ ការជួញដូរ ការរក្សាទុកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ ទប់ស្កាត់ការប្រើប្រាស់ដោយខុសច្បាប់ និងការលួចបង្វែរពីជំនួញស្របច្បាប់ទៅផលិតគ្រឿងញៀនខុសច្បាប់ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស។ល។
ផ្តល់យោបល់ជូនប្រធាន អ.ជ.ប.គ.ញ. ដើម្បីចាត់វិធានការគ្រប់គ្រងនិងត្រួតពិនិត្យការនាំចេញ នាំចូល ការដឹកជញ្ជូន ភាររក្សាទុក ការជួញដូរ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីធានាសុវត្ថិភាព និងបង្ការទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់ និងការលួចបង្វែរពីជំនួញស្របច្បាប់យកទៅផលិត គ្រឿងញៀនខុសច្បាប់ រៀបចំរបាយការណ៍អំពីលទ្ធផល និងវឌ្ឍនភាពការងារនិងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
យោងតាមសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានកំណត់ថា ក្រុមការងារនេះ ដឹកនាំទេសរដ្ឋមន្ដ្រី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប្រធាន អមដោយអនុប្រធាន ចំនួន៦រូប និងសមាជិក ចំនួន១០រូប៕
ដោយ៖ តារា