ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរទស្សនកិច្ចនៅសម្ព័ន្ធ Sailun Group របស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិន៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះទស្សនកិច្ចនៅសម្ព័ន្ធ Sailun Group Co., Ltd. និងបានទស្សនាមន្ទីរពិសោធន៍ Stonelab សាលពិព័រណ៍មជ្ឈមណ្ឌលកៅស៊ូជាតិ ព្រមទាំងបានជួបពិភាក្សាជាមួយសម្ព័ន្ធ Sailun Group ដឹកនាំដោយលោក Yuan Zhongxue ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកៅស៊ូជាតិ និងជាអគ្គនាយកសម្ព័ន្ធ Sailun និងមានការចូលរួមពី លោក Li Yongsen អគ្គនាយករងនៃគណៈកម្មការទំនាក់ទំនងការបរទេសខេត្តសានដុង និងលោក Li Xingwei លេខាបក្ស នៃសកលវិទ្យាល័យឈីងតាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (Qingdao University of Science and Technology) ក្នុងដំណើរទស្សនកិច្ចគោះទ្វារវិនិយោគ នៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ 

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Sailun បានរៀបចំការទទួលគណៈប្រតិភូប្រកបដោយភាពកក់ក្ដៅ និងក្នុងកិច្ចប្រជុំនាព្រឹកនេះ ក្រុមហ៊ុនបានបង្ហាញចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូ និងការសាងសង់សួនឧស្សាហកម្មក្នុងប្រទេសកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sailun ដែលបានសម្រេចដាក់ទុនចូលមកវិនិយោគការផលិតសំបកកង់យានយន្តក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។ ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីជំហររបស់កម្ពុជាក្នុងការបើកទទួលរាល់វិនិយោគិនទាំងអស់ និងពិសេសលើកទឹកចិត្តចំពោះក្រុមហ៊ុនក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត លោកឧបនាយករដ្ឋមន្ត្រីបានបង្ហាញអំពីទិសដៅរបស់កម្ពុជាដែលចង់ឃើញមានការវិនិយោគលើវិស័យនានាច្រើននៅកម្ពុជា ដែលនេះស្របទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ការខិតខំជំរុញឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយត្រូវប្ដូរមកប្រើធនធានបច្ចេកទេសខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាជាដើម។ 

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាមានសុខសន្តិភាពពេញលេញក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការខិតខំថែរក្សាបន្តទៀតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចកម្ពុជាអាចរីកចម្រើនបានក្នុងរង្វង់៧%មុនពេលកើតមានជំងឺកូវីដ១៩ ៥,៣%ក្នុងឆ្នាំ២០២៣ និងរំពឹងថាកើនឡើង៦,៣%ក្នុងឆ្នាំ២០២៤។ កម្ពុជាមានយុវជនវ័យក្មេងអាយុក្រោម២៥ឆ្នាំ ជាង៦០% ដែលកត្តាធនធានមនុស្សនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ស្របតាមគន្លឹះអាទិភាពរួមមានផ្លូវ ភ្លើង ទឹក ធនធានមនុស្ស និងបច្ចេកវិទ្យា។ ចំពោះហេដ្ឋារចនាសម្ព័ន កម្ពុជាមានផ្លូវតភ្ជាប់ពាសពេញផ្ទៃប្រទេស មានផ្លូវតភ្ជាប់ទៅប្រទេសជិតខាង ផ្លូវល្បឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងកែលម្អផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងសិក្សាផ្លូវដែកថ្មីភ្នំពេញ-បាវិត គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងសាងសង់កំពង់ផែកំពត គម្រោងសាងសង់កំពង់កោះកុង គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងផែនការមេភស្តុរភារកម្មជាដើម។

រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជនជាដៃគូរដ៏សំខាន់ ដោយក្នុងនោះមានរៀបចំបង្កើតក្រុមការងារចំនួន១៤ ពីវិស័យរដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហានានារបស់វិស័យឯកជន។ កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការលើកទឹកចិត្តដល់គ្រប់វិនិយោគិនដែលដាក់ទុនវិនិយោគនៅកម្ពុជា ហើយក្នុងនោះមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំគម្រោងវិនិយោគទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់Sailun Group គឺក្រុមហ៊ុន Cart Tire Co., Ltd. បានកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ជាមួយនិងទុនវិនិយោគនឹងឡើងដល់ប្រមាណ ៧០០លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណ ១២០ហិចតា និងមានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបង្កើតការងារប្រមាណ ២ពាន់កន្លែង។ ចំពោះមជ្ឈមណ្ឌលកៅស៊ូជាតិ គឺជាមជ្ឈមណ្ឌលពិសោធន៍ និងស្រាវជ្រាវ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ និងធំបំផុតនៅក្នុងប្រទេសចិន ៕ 

ដោយ ៖ សិលា


ចែករំលែក៖