ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន៖ នៅមានមនុស្សជាង ២០០នាក់បាត់ខ្លួន និងស្លាប់កើនឡើងជាង១០០នាក់ដោយការរញ្ជួយដី

ចែករំលែក៖

សារព័ត៌មាន Reuters ចំនួនអ្នកស្លាប់នៅក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៦រ៉ិចទ័រវាយប្រហារប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ បានកើនលើស ១០០នាក់ហើយ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ខណៈមនុស្សច្រើនជាង២០០នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។គ្រោះរញ្ជួយដី ៧.៦រ៉ិចទ័រ ដែលបានវាយប្រហារលើឆ្នេរភាគខាងលិចប្រទេសជប៉ុន គឺជាគ្រោះរញ្ជួយដីដ៏ប្រល័យបំផុតមួយ ក្នុងរយៈពេល ៨ឆ្នាំមកនេះ ដោយ បានបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងបន្សល់ទុកផ្ទះ ២៣,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងតំបន់ Hokuriku។ ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក បាននិងកំពុងធ្វើឡើងចូលដល់ថ្ងៃទី៦ហើយ ខណៈប្រជាជនដែលត្រូវបានជម្លៀសទៅកាន់កន្លែង មានសុវត្ថិភាពជាង ៣០,០០០នាក់កំពុងទន្ទឹងរង់ចាំជំនួយ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Kyodo ដោយផ្អែកលើក្រុមមន្ត្រីប្រចាំខេត្ត Ishikawa បានឱ្យដឹងថាមនុស្ស ១៦នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់ថាបានបាត់ជីវិតក្នុងទីក្រុង Wajima និងទីក្រុង Anamizu គិតត្រឹមម៉ោង១រសៀល នៅថ្ងៃសៅរ៍ ទី៦ ខែមករា (ម៉ោងក្នុងតំបន់) ដែលនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១១០នាក់។
កាលពីឆ្នាំ២០១៦ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយក៏ធ្លាប់បានវាយប្រហារលើទីក្រុង Kumamoto នៃភាគនិរតីប្រទេសជប៉ុនផងដែរ ដោយនៅពេលនោះ បានសម្លាប់មនុស្ស ២៧៦នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ nhandan.vn


ចែករំលែក៖