ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា : ការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា រយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបប ប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ ជាពិសេស ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។ កម្ពុជាដែលពីមុនកើតមាន សង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកប- ដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។
សម្តេចតេជោបន្តថា : កម្ពុជាដែលខឿនសេដ្ឋកិច្ច សង្គម ត្រូវបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ បានក្លាយជាទឹកដីដែលមានការអភិវឌ្ឍលើ គ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌ ហើយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានក្តីសង្ឃឹមចំពោះអនាគត។
កម្ពុជាដែលធ្លាប់តែត្រូវគេឈ្លានពាន ប្រមាថ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ ឥឡូវនេះ គឺជារដ្ឋមួយដែលមានឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ បានធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងពិភពលោក ហើយបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការអន្តរជាតិ ដោយស្មើភាព និងស្មើសិទ្ធិ ធ្វើឱ្យកិត្យានុភាពជាតិបានលេច ត្រដែតលើផ្ទៃរាបអន្តរជាតិ។ ព្រមជាមួយនេះ កម្ពុជាដែលត្រូវមជ្ឈដ្ឋានខាងក្រៅវាយតម្លៃថា ជាប្រទេសមានខឿន សុខាភិបាលទន់ខ្សោយនោះ បានខិតខំពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ហើយបានក្លាយជាប្រទេស ឈានមុខមួយនៅលើពិភពលោកក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ការពារបាននូវអាយុជីវិតរបស់ប្រជាជន។ ដោយឡែកនៅក្នុងឆ្នាំ ២០២៣ ដែលទើបតែកន្លងផុតទៅនេះ ប្រជាជនយើងបានរស់នៅយ៉ាង សុខដុមរមនា ក្រោមម្លប់នៃសន្តិភាពដែលត្រូវបានការពារថែរក្សាយ៉ាងរឹងមាំ និងបានសម្រេចសមិទ្ធផលធំៗ ថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន ទោះបីជាត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ ត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតក្ដី។ សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ-១៩វិញ, លទ្ធិ- ប្រជាធិបតេយ្យសេរី ពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋកាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជា ពិសេស ការប្រព្រឹត្តទៅដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានឆ្លុះបញ្ចាំង អំពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និង ភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោតនេះ ៕
ដោយ ៖ សិលា