ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់ សន្តិភាព សេរីភាព និងយុត្តិធម៌

ចែករំលែក៖

ខេត្តក្រចេះ ៖ ខេត្តក្រចេះ ប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ជាង១ ០០០នាក់ ។

 នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំអាជ្ញាធរដែនដី មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់រួមជាមួយបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានរៀបចំអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ខួបលើកទី៤៥ ដែលជាពិធីមួយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយប្រជាជនកម្ពុជា បានប្រសិទ្ធនាមជ័យជម្នះ ៧ មករាថាជា «ថ្ងៃកំណើតទី២ របស់ខ្លួន, បើគ្មានថ្ងៃទី៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ»។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មានប្រសាសន៍គូសបញ្ជាក់ថា ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់ សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយ «មានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»។

 ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ជាទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ លើមូលដ្ឋាននៃការពង្រីកជ័យជម្នះ ៧ មករា ឆ្ពោះទៅមុខឥតឈប់ឈរ របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើន ។

សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធមួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។

លោក វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយរំលេចពីដំណើរការប្រារព្ធពិធីអបអរសាទរ ថ្ងៃ ៧ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃគម្រប់ខួប ៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។

ជ័យជម្នះ ៧មករា បានដណ្ដើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រ នេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្ដារ និងកសាងជាតិឡើងវិញពីគំនរផេះផង់រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។

 ការប្រារព្ធខួបទី ៤៥នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀត-ណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និង រាំងស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន។

 ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិជំងឺកូវីដ-១៩ ដែលបង្កលក្ខណៈឱ្យយើងបានបើកប្រទេសឡើងវិញចាប់ពីចុងឆ្នាំ ២០២១ មក ហើយបាននិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក្ដី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពី ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៨៕

ដោយ ៖ សិលា


ចែករំលែក៖