ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​១ខ្នងក្នុងខណ្ឌ​ច្បារ​អំពៅ​ យ៉ាងសន្ធោសន្ធៅ ផ្អេីលដល់អាជ្ញាធរចុះ​​អន្តរាគមន៍​បាញ់​ទឹកពន្លត់​

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យមួយបានឆាបឆេះផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​កន្លែង​យ៉ាងសន្ធោសន្ធៅ ខណៈ​ម្ចាស់​ផ្ទះរវល់​ទៅលក់​ដូរ​ រកស៊ី​  ហេីយ​ចាក់​សោចោល​ បង្កការភ្ញាក់ផ្អេីលកាលពី​វេលា​ម៉ោង​៦និង​៣០នាទី​ព្រលប់​ ថ្ងៃ​ទី​៨​ ខែ​មករា​ ឆ្នាំ​២០២៣​ នៅជាប់ផ្លូវលេខ៣៥៧ ក្រុម៤​ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​     សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ផ្ទះ​មាន​ឈ្មោះ​ ហ៊ុយ ណាវី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ​ មុខរប​រអ្នករត់ម៉ូតូកង់បី រីឯ​ផ្ទះ​ដែល​ឆាបឆេះ​ជា​ប្រភេទសំណង់​ធ្វើ​អំពី​ឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រx ១០ម៉ែត្រ។​ 

​   តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គឺ​ផ្ទះ​រងគ្រោះខាងលើ​ត្រូវ​បាន​ម្ចាស់​ទុក​កូន​ប្រុស​ម្នាក់​អាយុ​ប្រហែល​១២ឆ្នាំ​ទៅ​១៣ឆ្នាំ​ ឱ្យនៅ​ចាំ​ផ្ទះ​  ដោយ​សារពួក​គាត់​​ជាប់រវល់​ធ្វើការ​រកស៊ី​លក់​ដូរ​ លុះ​មកដល់​ម៉ោង​កេីតហេតុ​ ពួកគាត់​ពុំ​ដឹង​ថា​មាន​បញ្ហា​អ្វី​កេីត​ឡើង​នោះ​ទេ​ ក៍ស្រាប់​តែ​ឃើញ​មាន​ អណ្ដាត​ភ្លើង​ឆាបឆេះ​ហុយ​ខ្មួលខ្មាញ់​ធ្វើ​អោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ខាងនាំ​គ្នា​ឆោឡោ​ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​ពន្លត់អស់​ជាច្រើន​បំពង់​តែមិន​អាច​ទប់​នឹងស្ថាន​ការណ៍​បាន​ ទេីប​ពួកគាត់​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​ដេីម្បី​សុំ​ជំនួយ​រថយន្ដ​ពន្លត់​អគ្គិភ័យ​អោយ​មកជួយ​ធ្វើអន្តរាគមន៍​ផងដែរ​  ។ 

​    បន្តិច​ក្រោយ​មក​ក៏ឃេីញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ជា​ច្រើន​គ្រឿង​ ជា​បន្តបន្ទាប់​គ្នា​ទៅ​ដល់​កន្លែង​កេីតហេតុ​ចំនួន​៩គ្រឿង​ ក្នុងនោះ​មាន​រថយន្តការិយាល័យបង្កា​រពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន, រថយន្តជំនួយអន្តរាគមន៍, រថយន្តពន្លត់អគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន, រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តពន្លត់អគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹក បាន​សហការ​គ្នា​បាញ់​ទឹកពន្លត់​រហូតដល់​ម៉ោង​៧យប់​ថ្ងៃ​ដដែល​ ទេីប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ជាស្ថាពរ​ ។ 

​    ក្នុងករណី​នេះ​ដែរ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ពុំ​មាន​ការ​រាល​ដាល​ឆេះដល់​ផ្ទះរបស់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ផ្សេង​នោះ​ទេ​ ហើយ​ក៍គ្មា​ន​គ្រោះ​ថ្នាក់​មនុស្ស​ណា​ម្នាក់​នោះ​ដែរ​  គឺ​គ្រាន់​តែ​ខូច​សម្ភារនិង​ ឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ ០៤ម៉ែត្រx១០ម៉ែត្រ ចំនួន០១ខ្នង​ប៉ុណ្ណោះ។ ចំពោះ​មូលហេតុ​វិញ​គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ទេីប​បង្កអោយ​មានការ​ឆាប​ឆេះ​បែបនេះ​ ៕

ដោយ​៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖