ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលជំនាញវះកាត់ចោះ លើកទី៤ ដល់វេជ្ជបណ្ឌិតវះកាត់ឯកទេស សម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យកាល់ម៉ែត (4th Basic Laparoscopic Workshop for Obstetricians and Gynecologists in Calmette Hospital) ! ។
សូមបញ្ជាក់ថា ៖ ដោយអនុវត្តន៍តាមគោលការណ៏បណ្តុះបណ្តាល និងអភិវឌ្ឈន៍ជាប្រចាំសមត្ថភាពរបស់គ្រូពេទ្យវះកាត់ មន្ទីរពេទ្យកាល់ម៉ែត បានបើកវគ្គបណ្តុះបណ្តាលជំនាញវះកាត់ចោះលើកទី៤ ដែលផ្តោតលើគ្រូពេទ្យផ្នែកវះកាត់សម្ភព និងរោគស្រ្តី ដែលមានសិក្ខាកាមចូលរួមមកពីមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក និងមន្ទីរពេទ្យកាល់ម៉ែត មានរយៈពេល ២ថ្ងៃ (ថ្ងៃទី០៨ និង ០៩ ) ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ហ៊ី សុម៉ានិត ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យកាល់ម៉ែត។
នេះជាលើកទី៤ មកហើយដែលមន្ទីរពេទ្យកាល់ម៉ែតបានប្រារព្វឡើងនូវសិក្ខាសាលា ដោយមានការចូលរួមបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោលជាគ្រូពេទ្យឯកទេសផ្នែកវះកាត់នៃមន្ទីរពេទ្យកាល់ម៉ែតសុទ្ធសាធ និងដែលធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាលជាគ្រូបង្គោលពីសំណាក់អ្នកជំនាញនៃសាកលវិទ្យាល័យ យូតាស (University of UTAH) សហរដ្ឋអាមេរិច។ ក្រោយការបណ្តុះបណ្តាលនេះ ក្រុមគ្រូបង្គោលបានវាយតំលៃខ្ពស់ដល់ ការខិតខំប្រឹងប្រែង និងលទ្ធផលល្អ របស់សិក្ខាកាមទាំងអស់។ ក្រុមការងារមន្ទីរពេទ្យកាល់ម៉ែត នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់វេជ្ជបណ្ឌិត និងនិស្សិតឯកទេស សំដៅពង្រីកវិសាលភាពនៅតាមមន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា ដែលពិតជាមានសារៈសំខាន់ធំធេងក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា