ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៩ ខែមករា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់​ ធ្វើឡើងនៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា តាមរយៈកំណែទម្រង់ និងកម្រិតស្ដង់ដារនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលរៀបចំឡើងដោយក្រសួងអប់រំ នាពេលកន្លងមក គឺបានធ្វើឱ្យបេក្ខជនដែលប្រឡងជាប់ដោយមោទនភាព ហើយអ្នកធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត។ 

-សម្តេចធិបតី ប្រកាសលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡង មិនបានលទ្ធផលល្អ  សូមកុំបោះបង់ចោល គប្បីខិតខំប្រឹងប្រែងបន្តទៅមុខទៀត ខណៈផ្លូវនៅមានវែងឆ្ងាយសម្រាប់ក្មួយៗទាំងអស់គ្នា។

-សម្តេចធិបតី  ថ្លែងថា ខណៈក្មួយៗបានប្រឡងជាប់រហូតដល់ ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឪពុកម្តាយ និងអាណាព្យាបាល របស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់តបស្នងសងគុណដល់ពួកគាត់ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា។

-សម្តេចធិបតី ថ្លែង​ថា តាមរយៈការធ្វើកំណែទម្រង់ និងកម្រិតសិក្សា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក ក៏ដូចជានាពេលនេះ របស់ក្រសួងអប់រំ គឺបានធ្វើឲ្យបេក្ខជនប្រឡងមានមោទកភាពយ៉ាងច្រើន ខណៈអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្តផងដែរ។

-សម្តេចធិបតី ថ្លែងថា ការកសាងមូលធនមនុស្សគឺជាកត្តាចម្បង និងចាំបាច់បំផុត ខណៈមូលធនមនុស្សនេះ គឺជាមុំទី១ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ​របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ។

-សម្តេចធិបតី ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌ដែលបង្កើតឡើងនៅក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ បានផ្លាស់ប្ដូរវប្បធម៌អន្តរាគមន៍របស់ឪពុកម្ដាយ អាណាព្យាបាល មករួមគ្នាខិតខំជំរុញឱ្យកូន និងសិស្ស ធ្វើការប្រឡងដោយយុត្តិធម៌ និងការទទួលខុសត្រូវរៀងៗខ្លួន និងជំនួសនូវមនោសញ្ចេតនាជាលក្ខណចង្អៀត និងធំទូលាយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣  ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម។

-សម្តេចធិបតី ថ្លែង​ថា​ ចតុស្តម្ភទាំង៤សំខាន់ៗ សម្រាប់ការអប់រំ គឺដើម្បីចេះដឹងដោយគ្រប់ជ្រុងជ្រោយច្បាស់លាស់ ដើម្បីមានចំណេះធ្វើ ដើម្បីជាពលរដ្ឋល្អ និងដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនាជាដើម។

-សម្ដេចធិបតី​ ប្រកាសចាត់ទុកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឹជាវប្បធម៌ថ្មីមួយដ៏មានតម្លៃ  ដែល មិនអាចរត់រកកិច្ចអន្តរាគមន៍ណាមួយបានឡើយ ផ្ទុយទៅវិញ គឺជាការពឹងផ្អែកលើបុគ្គលខ្លួនឯង តាមរយៈការលើកទឹកចិត្តឱ្យខិតខំរៀនសូត្រឡើងវិញ។​ 

-សម្ដេចធិបតី​ បានគូសបញ្ជាក់ថា បទពិសោធន៍នៃការប្រឡងបាក់ឌុប គឺបានបង្កើតវប្បធម៌ និងផ្នត់គំនិតឱ្យមានជំនឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដោយមិនបាច់ពឹងផ្អែកលើអ្នកដទៃ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុន មានយុទ្ធសាស្រ្ដចតុកោណរហូតដល់អាណត្តិនេះយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺមានស្នូលមួយនៃការពង្រឹងប្រទេសជាតិ គឺ «អភិបាលកិច្ច» ដែលជាធាតុផ្សំមួយសំខាន់ណាស់។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចបានចារឯកភាពឱ្យក្រសួង ស្ថាប័នចំនួន៥ ជ្រើសរើសមន្រ្ដីបន្ថែម តាមរយៈការប្រឡង។ ការអនុវត្តនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់មន្រ្ដីរាជការ។

-សម្តេចធិបតី ប្រកាសលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញដែលខ្លួនជ្រើសរើស ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយចូលរួមអភិឌ្ឍន៍ប្រទេសជាតិ។

– សម្តេចធិបតី គូសបញ្ជាក់​ថា៖ «ជំនាញណាក៏ល្អដែរ ប៉ុន្ដែត្រូវរៀនជំនាញណាមួយឱ្យប្រាកដ នោះយើងអាចអភិវឌ្ឍន៍ខ្លួនឯងបានហើយ»។

សូមជម្រាបជូនថា​ ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ​នេះ​ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាន​និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់៕

ដោយ៖ ស​ តារា


ចែករំលែក៖