ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វត្អូញត្អែពីតម្លៃសាច់សត្វធ្លាក់ចុះ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ឋចាត់វិធានការតឹងរឹងការលួចនាំសាច់បង្កកចូលពីក្រៅស្រុក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាកសិករដូចជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ជ្រូក និងគោ បានត្អូញត្អែពីតម្លៃសាច់សត្វធ្លាក់ចុះ ធ្វើឱ្យពួកគាត់ខាតបង់ថវិកាជាច្រើន ខ្លះចង់បោះបង់ការចិញ្ជឹម និងលក់កសិដ្ឋានរបស់ខ្លួន ព្រោះមិនអាចទប់ទល់និងប្រាក់ចងការ យកដើមមកបើកអាជីវកម្មចិញ្ចឹមសត្វបន្តទៀតបាន ។

 បន្ទាប់ពីចាប់ជ្រូកលក់ឱ្យឈ្មួញមកទិញកាប់សាច់អស់ ១៣ក្បាលក្នុងចំណោមជ្រូកជាង៣០ក្បាល លោក ពាញ គាលី ម្ចាស់កសិដ្ឋានចិញ្ជឹមជ្រូក និង គោ នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីក្តីអស់សង្ឃឹម លើអាជីវកម្មចិញ្ចឹមសត្វថា៖ តម្លៃជ្រូករស់លក់នៅថ្ងៃនេះតម្លៃតែ៦ ពាន់រៀលក្នុង១គីឡូក្រាម គឺថោកខ្លាំងណាស់ ហើយបើគិតតម្លៃដែលអ្នកចិញ្ជឹមជ្រូកអាចចំណេញបានខ្លះគឺពីជាង៨ពាន់ទៅ៩ពាន់រៀលក្នុង១គីឡូក្រាម ដូច្នេះ បើជ្រូក១ក្បាលមានទម្ងន់ជាង១០០គីឡូ អ្នកចិញ្ជឹមជ្រូកត្រូវខាតអស់ជាង៤០ម៉ឺនរៀល។

ចំណែកគោវិញក៏ដូចគ្នាដែរតម្លៃទិញចូលមកចិញ្ចឹមបំប៉នយកសាច់១គីឡូក្រាម ថ្លៃ១ម៉ឺន២ពាន់រៀល បច្ចុប្បន្នតម្លៃលក់ចេញតែ៧ពាន់រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម។ បើនិយាយពីតម្លៃចំណីជ្រូកវិញ ចំណីកូនជ្រូកទើបចាប់ផ្តើមចិញ្ចឹម១បេ ១ម៉ឺន៥ពាន់រៀល ចំណីកូនធំបន្តិច១បេថ្លៃ១ម៉ឹន២ពាន់រៀល និងចំណីឱ្យស៊ីរហូតដល់ធំចាប់លក់១បេ ៦ម៉ឺន៥ពាន់រៀល បើគិតពីចិញ្ចឹមរហូតចាប់លក់ក្នុងទម្ងន់១០០គីឡូជ្រូក១ក្បាលស៊ីអស់ ៦បេ ។ 

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វរូបនោះនៅបានបញ្ជាក់ពីមូល ហេតុ ដែលនាំឱ្យតម្លៃសាច់សត្វធ្លាក់ចុះ គឺដោយសារការលួចនាំចូលសាច់បង្កកច្រើនពេក ហើយទ្រង់ទ្រាញនាំចូលដោយសម្រុកទៀតផង ។ ដោយហេតុនេះហើយលោក សូមសំណូមពរដល់ក្រសួងកសិកម្ម សូមមេត្តាជួយចាត់វិធានការលើការលួចនាំចូលសាច់បង្កកចូល ក្នុងស្រុកឱ្យបានម៉ឺនម៉ាត់បំផុត ព្រោះបើមិនដូច្នេះទេ កុំថាឡើយអ្នកចិញ្ចឹមសត្វខ្នាតធំ ខ្នាតមធ្យម សូម្បីតែអ្នកចិញ្ជឹមមាន់ទាបួន ដប់ ក្បាលសម្រាប់តែទិញសៀវភៅ ឱ្យកូនរៀន ក៍ខាតបង់ដែរ។សម្រាប់រូបលោក បើតម្លៃសាច់ក្នុងទីផ្សារនៅបន្តធ្លាក់ចុះបែបនេះទៀត លោកនឹងលក់កសិដ្ឋានឈប់ចិញ្ជឹមហើយ ដោយសារ រកប្រាក់បងធនាគារ មិនបានទេ ព្រោះមុខរបរនេះសុទ្ឋតែយកប្រាក់ពីធនាគារទាំងអស់ ។

ជុំវិញបញ្ហានេះ លោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាកត្តាសាច់ ចុះថោកវាជាតម្លៃទីផ្សាររួមទូទាំងប្រទេស ហើយក៏មិនសំដៅដោយសារតែសាច់បង្កកនាំចូលពីប្រទេសជិតខាងដែរ វារួមសមនឹងមានការចិញ្ចឹមច្រើន បច្ចុប្បន្នទូទាំងប្រទេសសាច់ជ្រូករស់មួយគីឡូក្រាម ៦ ២០០រៀលនិងសាច់គោរស់មួយគីឡូក្រាមជាង ៧ ពាន់រៀលជាទូទៅទៅហើយ៕

ដោយ៖ សូរិយា


ចែករំលែក៖