ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តទេ ហើយក៏មិនមែនធ្វើតែម្ដងចប់នោះដែរ តែគឺត្រូវធ្វើជាប្រចាំ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ជាច្រើន ដែលកំណែទម្រង់ទាំងនោះមិនចេះចប់ទេ គឺរដ្ឋាភិបាលត្រូវតែធ្វើជាប្រចាំតែម្តង ដើម្បីពិនិត្យនិងវាយតម្លៃទៅលើការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានធ្វើកំណែទម្រង់ជាប្រចាំជាច្រើនមកហើយដែរ នៅតាមក្រសួង ស្ថាប័ន នានានាពេលកន្លងមក ក៏ប៉ុន្តែយើងក៏ត្រូវយកពេលដើម្បីធ្វើការវាយតម្លៃ និងកែសម្រួលការងារកំណែទម្រង់នេះផងដែរ ដើម្បីយើងបានដើរទៅមុខទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ដើម្បីឱ្យការអនុវត្តការងារមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការធ្វើកំណែទម្រង់ យើងត្រូវមានកត្តាចំនួន ៤ ដែលក្នុងនោះរួមមាន៖ 

ទី១-ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន 

ទី២-ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្ត ជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទៈខ្ពស់ 

ទី៣-ការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន 

និងទី៤-ការលះបង់ដើម្បីផលប្រយោជន៍រួម។ 

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «យើងមិនមែនធ្វើបដិវត្តន៍ទេ។ ខ្ញុំសូមបញ្ជាក់ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនផ្តាច់ចោល មិនមែនលុបចោលគោលនយោបាយពីមុនទាំងអស់ មិនមែនដូចជំនាន់ខ្មែរក្រហមលុបចោលកម្មសិទ្ធិឯកជន ដាក់អីផ្សេងៗយើងអត់ទេ។ គោលនយោបាយ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជាចីរភាព និរន្តរភាពនៃនយោបាយដែលមានពីមុនមក ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ គឺផ្អែកលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ប៉ុន្តែអ្វីដែលយើងធ្វើនោះ គឺកំណែទម្រង់ជាការចាំបាច់។ ប្រលងដូចគ្នា ប្រលងពីមុនយើងមានកំណែទម្រង់ច្រើនណាស់ តាំងពីឆ្នាំ៨០មក តាំងពីដំណាក់កាលយើងអត់មានធនធាន ចេញមកអ្នកអត់ចេះបង្រៀនអ្នកចេះ យើងត្រូវកែសម្រួលដើម្បីទំនើបកម្មជាជំហាន»។

បើតាមប្រសាសន៍សម្តេចធិបតី ការប្រលងបាក់ឌុប ឆ្នាំ២០១៤ កំណែទម្រង់នោះ មិនមែនជាការធ្វើបដិវត្តន៍ទេ ពោលគឺជាការកំណែទម្រង់ពង្រឹង និងសម្រួច នូវសមិទ្ធផលបន្ថែម ដើម្បីរីកចម្រើន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សម្តេចបានចារឯកភាពឱ្យក្រសួង ៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ ៕ 

ដោយ ៖ សិលា


ចែករំលែក៖