ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការធ្វើស្រូវប្រាំងលើកទី២ ជូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ លោក​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពក្នុងការផ្តត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំងលើកទី២ ជូនបងប្អូនប្រជាកសិករ ក្នុងភូមិសាស្ត្រឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមរយៈអាងទឹកលេខ៣ និងលេខ៥។

សូមជម្រាបថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ របស់ប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២៤ មានចំនួន ៥០ ០០០ ហិកតា ដែលចំនួននេះលើសពីផែនការកំណត់ប្រចាំឆ្នាំត្រឹម ២០ ០០០ ហិកតា ដែលបរិមាណទឹកអាចស្រោចស្រពបាន។ បងប្អូនប្រជាកសិករក្នុងខេត្តពោធិ៍សាត់បានសម្រុកធ្វើស្រែប្រាំងលើកទី២ បើទោះបីជា ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរខេត្តពោធិ៍សាត់ និងមន្ទីរជំនាញបាន​ជូនដំណឹងជាមុនអំពីស្ថានភាពអាកាសធាតុនិងបានធ្វើការណែនាំជាបន្តបន្ទាប់កុំឱ្យបន្តធ្វើស្រែប្រាំងបន្ថែមទៀត ដែលអាចប្រឈមនឹងកង្វះទឹកក៏ដោយ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានមានវិធានការគិតទុកជាមុនរួចជាស្រេចក្នុងការថែរក្សាទឹកទុក តែដោយមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃទី៩ ខែមករា នេះ ឯកឧត្តមបានណែនាំឱ្យបន្តបើកទឹកអាងទឹកលេខ៣ និងលេខ៥ ដើម្បីបន្តផ្តល់ទឹកជូនដល់បងប្អូនប្រជាកសិករដែលកំពុងបូមយ៉ាងសស្រាក់សស្រាំស្រោចស្រពស្រូវប្រាំងលើកទី២។

លោករដ្ឋមន្ត្រីបន្តឱ្យដឹងថា នៅខេត្តពោធិ៍សាត់មានអាងទឹកធំៗ លេខ៣ និងលេខ៥ សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងអាងទឹក​លេខ១​សម្រាប់បម្រើឱ្យការផលិតអគ្គិសនី។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា បណ្តា​អាង​ទឹកទាំងនេះពុំទាន់អាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់នៅឡើយ ក្រសួងធនធានទឹក និងឧតុនិយមកំពុងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បី​សាង​សង់អាងទឹកថ្មីមួយបន្ថែមទៀតគឺអាងទឹកលេខ២ ដែលអាចផ្ទុកទឹកបានប្រមាណពី ៧០០លាន ទៅ ៨០០លានម៉ែត្រត្រីគុណ សម្រាប់បម្រើឱ្យការផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះបងប្អូនប្រជាកសិករទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើស្រែប្រាំងដោយមិនទុកដីឱ្យនៅទំនេរ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោករដ្ឋមន្ត្រីក៏បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងបណ្តារាជធានី-ខេត្តដទៃទៀតឱ្យបន្តយកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃលើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ៖ មួយផ្នែកត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) និងមួយផ្នែកទៀតសម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវរដូវប្រាំង។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា អាកាសធាតុកើនកម្តៅជាលំដាប់ និងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា និងបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក៕

ដោយ​៖ តារា​


ចែករំលែក៖