ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយជ័យលាភី និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៦៩១ នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសារអបអរសាទរ ចំពោះសិស្សជ័យលាភីទាំងអស់ ក្នុងសម័យប្រឡងថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលមាន ចំនួន ៩៨៤៦០ នាក់ ស្មើនឹង ៧២៨៩% នៃបេក្ខជនដែលមកប្រឡងសរុប ព្រមទាំងបានលើកទឹកចិត្ត ដល់សិស្សដែលពុំទទួល បានជ័យលាភី អាចខិតខំប្រឹងប្រែងសម្រាប់ការប្រលងលើកក្រោយទៀត ឬជ្រើសរើសមុខជំនាញវិជ្ជាជីវៈ សមស្របណាមួយដើម្បីជាជំនួយដល់ការងារប្រកបរបរចិញ្ចឹមជីវិត ។ ជាមួយគ្នានេះផងដែរ សម្តេចធិបតី បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូ និងការជួយជ្រោមជ្រែង ពីមាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្ស ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែង ផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស នៅមុនការប្រឡងដើម្បីជួយឱ្យទទួលបានលទ្ធផលល្អ ក្នុងការសិក្សានិងការប្រឡងប្រកបដោយជោគជ័យ ។

សម្តេចធិបតី បានបន្តទៀតថា ការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោដ៏សំខាន់សម្រាប់ ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គម តាមរយៈ បង្កើនមូលធនមនុស្ស, គំនិតច្នៃប្រតិដ្ឋ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកត្តាដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ជំរុញបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន, ភាពធន់, និង ចីរភាព ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១» ដោយមានបញ្ចកោណ យុទ្ធសាស្ត្រទី ១ ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់ មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្ដោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ (១) ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, (២) ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស, (៣) ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន, (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង, និង (៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាប័ន្ន។ យ៉ាងណាម៉ិញ, ការកសាងមូលធនមនុស្សល្អ ត្រូវការ រយៈពេលយូរ និងការវិនិយោគក្នុងបរិមាណច្រើនស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើន ដែលត្រូវ យកចិត្តទុកដាក់ ដើម្បីកសាងសង្គមកម្ពុជាឱ្យបានរឹងមាំដែលមានប្រជាជនប្រកបដោយចំណេះដឹង និង ចំណេះធ្វើជាក់ស្តែងសម្រាប់ឱកាសបង្កើត និងបង្កើនការងារ, ផលិតភាពការងារនិងភាពប្រកួតប្រជែង របស់កម្ពុជា ទាំងនៅកម្រិតតំបន់ និងសកលលោក ព្រមទាំងដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

ទាក់ទិនទៅនឹងការកសាងមូលធនមនុស្សឱ្យក្លាយជាពលរដ្ឋល្អ សម្តេចមហាបវរធិបតី បានផ្តល់នូវទស្សនាទាន ដោយគូសបញ្ជាក់អំពី ទី១. គោលបំណងនៃការអប់រំ ដែលមានចតុស្តម្ភ ជាអាទិ៍៖ (i) អប់រំដើម្បីមានចំណេះដឹង អាចយល់ពីស្ថានភាពជុំវិញនាំមកនូវការសម្រេចចិត្តគ្រប់ជ្រុងជ្រោយ​ (ii) អប់រំដើម្បីមានចំណេះធ្វើ មានបំណិនក្នុងការប្រកបការងារជាក់ស្តែង (iii). អប់រំដើម្បីមាន គុណធម៌ សីលធម៌ ចេះប្រកួតប្រជែងវិជ្ជមាន និង (iv). អប់រំដើម្បីចេះរស់នៅក្នុងសង្គមប្រកបដោយ សុខុដុមរមនា ចេះជួយយកអាសារគ្នា ជាពិសេស ការប្រទាក់ក្រឡា និងរួបរួមសាមគ្គីគ្នា និង ទី២.

ការបង្កើតបរិស្ថាន សង្គមដើម្បីឱ្យមូលធនមនុស្សល្អដែលមានស្រាប់កាន់តែរីកចម្រើន រឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយផ្អែកលើមូលដ្ឋាននៃគុណាធិបតេយ្យ គឺការប្រកួតប្រជែងដោយស្មើភាព ត្រឹមត្រូវ យុត្តិធម៌ និង បរិយាប័ន្ន ជាបរិស្ថានមួយដែលទទួលបាននូវការគាំទ្រពីសំណាក់ ជនរួមជាតិទូទាំងប្រទេស ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការឆ្លុះបញ្ចាំងថា បើធៀបនឹងឆ្នាំមុនៗ ដោយចាប់ផ្តើមពី ឆ្នាំ ២០១៤អត្រានៃការប្រឡងជាប់មិនដល់ ៥០% ឡើយ ។ ដោយឡែកឆ្នាំ ២០២២, អត្រាប្រឡងជាប់ បានកើនឡើងរហូតដល់ ៧២៣៣% ហើយ បានបន្ត កើនឡើងដល់ ៧២៨៩% នៅឆ្នាំ ២០២៣ ។ ការណ៍នេះ បង្ហាញនូវវឌ្ឍនភាពនៃការអនុវត្តដោយជោគជ័យនៃការកែទម្រង់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដោយឈរលើគោលការណ៍ «អ្នកចេះជាប់» ជាមួយនឹងការផ្លាស់ប្រែនូវផ្នត់គំនិត និងវប្បធម៌មួយចំនួន ដូចជា អ្នកចេះគឺជាប់, ជំនួសពីការអន្តរគមន៍ដោយការខិតខំប្រឹងប្រែង និង ទទួលខុសត្រូវខ្ពស់, ជំនួសពីការមានមនោសញ្ចេតនា តូចចង្អៀតមកជាមានមនោសញ្ចេតនាទូលំទូលាយ និងជំនួសពីការជឿទុកចិត្តលើរបស់ក្រៅខ្លួន និង អ្នកដទៃមកជាការពឹងលើចំណេះដឹងក្នុងខ្លួន ដែលជាចំណេះដឹងពិតប្រាកដ ជាដើម ។

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា មិនមានការកែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖ ១. មានចក្ខុវែងឆ្ងាយ និងច្បាស់លាស់ ២. មានការប្តេជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយ ស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម ៕

ដោយ​៖ ស​ តារា


ចែករំលែក៖