ព័ត៌មានទាន់ហេតុការណ៍៖

អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ១៤នាក់ និងគូកន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទៅវិញទៅមក)

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅយប់ថ្ងៃ​អាទិត្យ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស (ទៅវិញទៅមក) ដែលបង្កដោយក្មេងទំនើងចំនួន ០២ ក្រុម (អនីតិជនចំនួន ០៤ នាក់) បាននាំគ្នា ធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មដេញគប់, កាន់កាំបិតប៉័ងតោ និងកាន់កាំបិតផ្គាក់កាប់គ្នាទៅវិញទៅមក បណ្តាលឱ្យ ជនសង្ស័យម្នាក់រងរបួសធ្ងន់ រួចទាំងពីរក្រុមក៏នាំគ្នាជិះម៉ូតូរត់ចេញពីកន្លែងកើតហេតុ ។ 

ក្រោយមកកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ។ ចំណែកឯជនសង្ស័យចំនួន ១០ នាក់ (អនីតិជន ចំនួន ០៤ នាក់) ផ្សេងទៀត និងគូកនបានបន្តរត់គេចខ្លួន ។

បន្ទាប់​ពី​បានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យចំនួន ១៤ នាក់ និងគូកន តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥៨៣ អ.យ.ឃ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទៅវិញទៅមក) ប្រព្រឹត្តនៅភូមិអង្គតាមោគ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ​៖ តារា​


ចែករំលែក៖