ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអធិការកិច្ច លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីពិនិត្យ និងពិភាក្សាលើពាក្យស្នើសុំអន្តរាគមន៍របស់ លោក ហង់ សុគន្ធ តំណាងឱ្យ លោក សុខ មុន្នី និងអ្នកស្រី ប៉េង ចន្ទី ដែលបានដាក់មកក្រសួងអធិការកិច្ច កាលពីនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ អំពីការលើកឡើងពីការអស់សិទ្ធិគ្រប់គ្រង អាស្រ័យផល លើស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងប្រឡាយព្រះស្នែង ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន ១៩ ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ។ ទាក់ទងនឹងករណីវិវាទនេះ លោក ហង់ សុគន្ធ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋាននៅភូមិដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាតំណាងរបស់ លោក សុខ មុន្នី និងអ្នកស្រី ប៉េង ចន្ទី បានដាក់ពាក្យស្នើសុំធ្វើ អធិការកិច្ច ចំពោះភាពមិនប្រក្រតីរបស់រដ្ឋបាលខេត្តកំពង់ធំ លើករណីការទិញផ្ដាច់ស្ថានីយបូមទឹកឯកជន ចំនួន១៩ស្ថានីយនៅទូទាំងខេត្តកំពង់ធំ។ លោក ហង់ សុគន្ធ បានអះអាងថា រដ្ឋបាលខេត្តកំពង់ធំ បានចេញ ដីកាលេខ ០៦០ ដខ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ សម្រេចប្រគល់សិទ្ធិជូន លោក លី គឹមយុន និងអ្នកស្រី ប៉េង ចន្ទី ខ្ចីដីទំហំ ៦០០ ហិកតា ជីកប្រឡាយ និងលើកទំនប់ប្រព័ន្ធប្រឡាយដើម្បីបង្កបង្កើនផលស្រូវប្រាំង និងដំណាំផ្សេងៗ ពីមាត់ស្ទឹងសែននៅតំបន់វាលក្រោមចំណុច (បឹងប្រហ៊ូត-បឹងព្រះស្នែង-បឹងផ្ទឹម-បឹងទន្សោង) ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានចេញដីកាលេខ ០៧៨ ដ.ខ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០០៥ សម្រេចប្រគល់សិទ្ធិជូនលោក សុខ មុន្នី ដើម្បីជីកប្រឡាយលើកទំនប់ប្រព័ន្ធប្រឡាយទឹក ដើម្បីបង្កបង្កើនផល ធ្វើស្រែប្រដេញទឹក និងស្រែប្រាំងលើផ្ទៃដីចំនួន ១៦០០ ហិកតា ស្ថិតនៅតំបន់វាលបឹងមូល និងវាលផ្អែកដំបង របស់ឃុំកំពង់គោ និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ប្រឡាយមេនោះ មានប្រវែងប្រហែល ២៦ គីឡូម៉ែត្រ ដែលមានទទឹងមាត់លើ ៩ម៉ែត្រ ទទឹងបាតក្រោម ៦ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងប្រឡាយរង មាន បណ្តោយសរុបប្រហែល ២១គីឡូម៉ែត្រ ដោយបានចំណាយទឹកប្រាក់រៀបចំកសាងប្រឡាយសរុបប្រហែលម៉ោង ១លានដុល្លារអាមេរិក។
នៅដើមឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយចាត់ចែងទីញខ្មោចស្ថានីយបម ទឹកឯកជនចំនួន ១៩ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ តាមលិខិតលេខ៧៧ សជណ.ដម ចុះថ្ងៃទី១៧ខែមករា ឆ្នាំ២០២៣ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលនៅក្នុងនោះក៏មានប្រឡាយព្រះគន្លង និងព្រះស្នែងផងដែរ ។
រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ បានធ្វើការប្រជុំសម្រេចចុះកិច្ចសន្យាលក់-ទិញជាមួយម្ចាស់ស្ថានីយ និងប្រឡាយទូទាំងខេត្តកំពង់ធំ ហើយរង់ចាំក្រសួងសេដ្ឋកិច្ចផ្តល់ថវិកាទិញ ហើយរដ្ឋបាលខេត្តនឹងកោះអញ្ជើញ ម្ចាស់ស្ថានីយ និងប្រឡាយទាំងអស់ដើម្បីប្រជុំពិភាក្សាលម្អិត។ ក៏ប៉ុន្តែរដ្ឋបាលខេត្តកំពង់ធំ ពុំបានកោះហៅភាគី លោក ហង់ សុគន្ធ ជាម្ចាស់ស្ថានីយប្រឡាយព្រះគន្លង និងព្រះស្នែងចូលរួមក្នុងការទិញ-លក់នោះទេ។ លុះដល់ អំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយទន្ទឹងរង់ចាំមិនឃើញកោះហៅចូលរួមប្រជុំ ពួកគាត់បានធ្វើការសាកសួរព័ត៌មាន ពីម្ចាស់ស្ថានីយផ្សេងៗ និងក្រសួងពាក់ព័ន្ធទើបដឹងថារដ្ឋបាលខេត្តធ្វើសំណើទិញ ដោយមិនបញ្ចូលប្រឡាយ ២ខ្សែ របស់ពួកគាត់នោះទេ។ លោក ហង់ សុគន្ធ បានធ្វើការស្នើសុំទៅរដ្ឋបាលខេត្តក្នុងការចូលគ្រប់គ្រងកាន់កាប់ស្ថានីយ បូមទឹក និងប្រឡាយរបស់ខ្លួនវិញ ក៏ប៉ុន្តែត្រូវរដ្ឋបាលខេត្តបានបដិសេធតាមលិខិតលេខ ៨៤៩៨/២៣ សជណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ លោក ហង់ សុគន្ធ បានអះអាងថាការទិញស្ថានីយ និងប្រឡាយរបស់ រដ្ឋបាលខេត្ត ដោយមិនបានបញ្ចូលស្ថានីយ និងប្រឡាយព្រះគន្លង និងព្រះស្វែងរបស់ខ្លួន គឺមានភាពមិនប្រក្រតី។ លោក ហង់ សុគន្ធ បានគោរពស្នើសុំអន្តរាគមន៍ពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មេត្តាចាត់ ក្រុមការងារចុះអង្កេតស្រាវជ្រាវជាក់ស្តែងដល់មូលដ្ឋានដើម្បីស្វែងរកយុត្តិធម៌ដល់ពួកគាត់បានគ្រប់គ្រងអាស្រ័យផល លើស្ថានីយ និងប្រឡាយព្រះគន្លង និងព្រះស្នែង។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអធិការកិច្ចទទួលបានព័ត៌មានបឋមពីរដ្ឋបាលខេត្តកំពង់ធំថា ប្រឡាយ ព្រះស្នែង និងព្រះគន្លង ជាទីតាំងកំពុងមានទំនាស់ជាមួយប្រជាកសិករ និងស្ថិតក្នុងដំណាក់កាលអនុវត្តបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១។ កន្លងមក ជាដំណោះស្រាយរបស់ក្រសួងពាក់ព័ន្ធ មានដូចជាក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្ត ធ្លាប់បានឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាអ្នកដាក់ម៉ាស៊ីនបូមទឹក រីឯប្រជាកសិករជាអ្នក ចេញប្រេង។ បន្ទាប់ពីរាជរដ្ឋាភិបាល ចេញអនុក្រឹត្យលេខ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ និងលិខិត លេខ៧៧ សជណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ របស់ទីស្ដីគណៈរដ្ឋមន្ត្រី លោក ហង់ សុគន្ធ បានដាក់ លិខិតមករដ្ឋបាលខេត្ត ស្នើសុំចូលទៅគ្រប់គ្រងស្ថានីបូមទឹកព្រះស្នែង និងព្រះគន្លង ព្រមទាំងសុំចុះគ្រឿងចក្រ ដើម្បីស្តារប្រឡាយទាំងពីរនេះ ក្រោយពីរដ្ឋបាលខេត្តបានប្រជុំដោះស្រាយជាច្រើនលើក គឺសម្រេចមិនអនុញ្ញាតឱ្យ លោក ហង់ សុគន្ធ ចូលទៅគ្រប់គ្រង និងដាក់គ្រឿងចក្រដើម្បីរៀបចំក្បាលដី និងស្តារប្រឡាយទឹកទាំងពីរនោះទេ។
ក្រោយពីបានពិនិត្យ ពិភាក្សា និងទទួលបានព័ត៌មានបឋមពីភាគីទាំងសងខាងលើករណីបណ្ដឹងនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានចាត់តាំងគណៈប្រតិភូរបស់ក្រសួងអធិការកិច្ច ដើម្បីចុះ អង្កេតសិក្សាស្រាវជ្រាវ និងពិនិត្យដល់ទីតាំងជាក់ស្តែងពាក់ព័ន្ធនឹងការទិញផ្ដាច់ស្ថានីយបូមទឹកឯកជនចំនួន១៩ស្ថានីយនៅទូទាំងខេត្តកំពង់ធំ និងករណីទំនាស់នៅទីតាំងប្រឡាយទាំងពីរ ក្នុងគោលបំណងស្វែងរកភាពយុត្តិធម៌ជូនគូភាគី និងដើម្បីផ្តល់ឱកាសជូនប្រជាកសិករបានទទួលទឹកធ្វើស្រែប្រដេញទឹកទាន់ពេលវេលា ព្រមទាំងអាច
ប្រមូលព័ត៌មានលម្អិតដើម្បីជាមូលដ្ឋានរៀបចំរបាយការណ៍គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់ ៕
ដោយ ៖ សិលា