ព័ត៌មានទាន់ហេតុការណ៍៖

មានករណីការក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងការដាក់ពាក្យចូលរួមប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងការដាក់ពាក្យចូលរួមប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ជម្រាប ជូនសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖

កន្លងមកគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ធ្លាប់បានរកឃើញមាននិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានលុបឈ្មោះចេញពីបញ្ជី ឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា ជាបន្តបន្ទាប់។

ក្នុងគោលបំណងបញ្ចប់ការក្លែងបន្លំឯកសារសាធារណៈមានជាអាទិ៍៖ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ និងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់កិត្យានុភាពគ្រូពេទ្យ និងលើកកម្ពស់តម្លៃ នៃសីលធម៌សេចក្តីថ្លៃថ្នូរក្នុងសង្គម ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅគណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានា ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិមាត្រា៦២៩នៃក្រមព្រហ្មទណ្ឌ ស្តីពីបទក្លែងបន្លំឯកសារសាធារណៈ ចែងថា “ការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៥(ប្រាំ) ទៅ១០(ដប់) ឆ្នាំ”។ ដោយមិនលើកលែង មិនយោគយល់ មិនអត់អោន មិន អនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនដែលបានប៉ុនប៉ង ឬក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀតតាមរូបភាពណាក៏ដោយ ក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិ។

និស្សិតដែលធ្លាប់ត្រូវបានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ លុបឈ្មោះចេញពីបញ្ជីឈ្មោះ និស្សិតប្រឡងជ្រើសរើសជាប់កន្លងទៅ មិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិជាថ្មី ឡើងវិញទៀតឡើយ។

អំពើនៃការក្លែងឯកសារសាធារណៈ ទោះបី បានទទួលបញ្ញាបត្រចេញទៅប្រកបវិជ្ជាជីវៈពេទ្យ ហើយក៏ដោយ ប្រសិនបើ រកឃើញថា មានការប្រើឯកសារក្លែងបន្លំនឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដកហូតសញ្ញាបត្រនៅពេលណាក៏បានដោយមិនគិតពីរយៈពេលសោះឡើយ។ អំពើនៃការប្រើប្រាស់ឯកសារ សាធារណៈក្លែងបន្លំនឹងត្រូវគិតអាជ្ញាយុកាលចាប់ពីថ្ងៃដែលត្រូវបានរកឃើញឯកសារជាកម្មវត្ថុនៃអំពើល្មើស នោះតទៅ (មិនគិតពីថ្ងៃដែលបានប្រព្រឹត្តនោះទេ)។

ដូច្នេះ សូមសិស្សានុសិស្សដែលមានឯកសារក្លែងក្លាយ និងមានបំណងដាក់ពាក្យចូលរួមការ ប្រឡងថ្នាក់ជាតិ សូមកុំមកដាក់ពាក្យប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នានា ដែលនឹងនាំឱ្យមានផលវិបាកកើតឡើងដល់ខ្លួនឯង ហើយនាំឱ្យខាតបង់ពេលវេលា ថវិកាខ្លួនឯង និង ក្រុមគ្រួសារទាំងមូល ព្រមទាំងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួនឯងទៀតផង។ សិស្សានុសិស្ស ដែលមិនមានសញ្ញាបត្រទុតិយភូមិអាចអញ្ជើញទៅដាក់ពាក្យប្រឡងនៅផ្នែក ឬវិស័យផ្សេងទៀតបាន៕ 

ដោយ ៖ សិលា


ចែករំលែក៖