ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូណេស៊ីប្រកាសអាសន្នកម្រិតខ្ពស់បំផុតដោយការផ្ទុះភ្នំភ្លើង

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃពុធនេះ ភ្នំភ្លើងមួយមានឈ្មោះថា Lewotobi Laki-Laki នៅប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើង ដោយជះដុំពពកផេះឡើងលើផ្ទៃអាកាស កម្ពស់ប្រហែល ២គីឡូម៉ែត្រលើកំពូលភ្នំ ហើយអាជ្ញាធរក៏បានសម្រេចដំឡើងការប្រកាសអាសន្នសម្រាប់ស្ថានភាពភ្នំភ្លើងនេះ ដល់កម្រិតខ្ពស់បំផុត។
ការផ្ទុះឡើងនេះកើតមានបន្ទាប់ពីគេបានសង្កេតឃើញភ្នំភ្លើងនោះ បានបញ្ចេញសញ្ញាមិនស្រួល អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ។ ភ្នំភ្លើង Lewotobi Laki-Laki ស្ថិតលើកោះ Flores របស់ឥណ្ឌូណេស៉ី។ អាជ្ញាធរបានដំឡើង ការប្រកាសអាសន្នដល់កម្រិតលេខ៤ សម្រាប់ភ្នំភ្លើងនេះ ដែលជាកម្រិតខ្ពស់បំផុត និងចេញការហាមឃាត់មិនឱ្យមនុស្សទៅជិតតំបន់រង្វង់៤-៥គីឡូម៉ែត្រ ជុំវិញមាត់ភ្នំភ្លើងឡើយ។ ទន្ទឹមគ្នានោះ សហគមន៍នៅក្បែរៗតំបន់ភ្នំភ្លើង ត្រូវបានទទូចឱ្យជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅរកកន្លែងសុវត្ថិភាព ខណៈអាជ្ញាធរក្នុងតំបន់ បានរៀបចំកន្លែងជ្រកកោនបណ្តោះអាសន្នចំនួន២ទីតាំង ដែលឥឡូវកំពុងផ្ទុកមនុស្សប្រហែល៥,០០០នាក់។
ប្រទេសប្រជុំកោះនៅអាស៉ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងតំបន់គេហៅថា Pacific Ring of Fire ជាកន្លែងសម្បូរទៅដោយសកម្មភាពភ្នំភ្លើងនិងរញ្ជួយផែនដី ហើយមានភ្នំភ្លើងសរុបទាំងអស់ជិត១៣០។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរឥណ្ឌូណេស៉ី ក៏បានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងមួយទៀតឈ្មោះ Marapi ផងដែរ ដែលស្ថិតនៅលើកោះ Sumatra ឱ្យដល់កម្រិតខ្ពស់បំផុតទី២៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖