ខេត្តព្រៃវែង ៖ គ្រូបង្រៀនជា អ្នកដែលមានសីលធម៌ គុណធម៌ ចំណេះដឹង ដឹងខុសដឹងត្រូវ បុណ្យបាប អំពើអាក្រក់ អំពើល្អ អ្វីដែលមិនគប្បីក្នុងសង្គម ត្រូវបានបង្ហាញនូវសមត្ថភាពក្នុងការអប់រំ ដល់សិស្សានុសិស្ស បានយល់ដឹង ស្រឡាញ់នូវសេចក្តីថ្លៃថ្នូរ ផ្ដល់ដំបូន្មានដល់សិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ។ ផ្ទុយទៅវិញបើគ្រូបង្រៀន ជាមនុស្សអសីលធម៌ រហូតដល់ក្លាយទៅជាជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋ ចាប់រំលោភសិស្សខ្លួនឯងជាអនីតិជន តើសីលធម៌របស់ខ្លួននៅឯណា ? ជាក់ស្តែងគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាត្រពាំងថ្លោក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ ដោយបានចោទប្រកាន់ថា គ្រូបង្រៀនរូបនោះ បានចាប់កូនសិស្សស្រីរបស់ខ្លួនអាយុ១១ឆ្នាំរំលោភចំនួន ២ដងនៅក្នុងបន្ទប់ទឹករបស់សាលារៀន ។
ហេតុការណ៍នេះ បានបែកធ្លាយកាលពីវេលាម៉ោង៣និង ១៥នាទីរសៀលថ្ងៃទី០៩ មករា ឆ្នាំ២០២៤ នៅក្នុងសាលាបឋមសិក្សាត្រពាំងធ្លក ដែលស្ថិតនៅក្នុងភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។
គ្រូបង្រៀនដែលត្រូវបានចាប់ឃាត់ខ្លួនមានឈ្មោះ ធីម ម៉ន អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិជាចលិច ឃុំជាច ស្រុកកំចាយមារ ចំណែកកុមារីរងគ្រោះអាយុ១១ឆ្នាំ ។
បើតាមក្មេងស្រីរងគ្រោះដែលបានផ្ដល់ព័ត៌មានមកសមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង០៣រសៀលថ្ងៃទី០៩ មករា ឆ្នាំ២០២៤ ក្នុងពេលដែលរូបនាងកំពុងដងទឹកនៅក្នុងបន្ទប់ទឹកស្រីម្នាក់ឯង លោកគ្រូរបស់នាងបានចូលទៅក្នុងនោះ ហើយបិទខ្ទាស់ទ្វារជាប់ រួចប៉ុនប៉ងចាប់នាងរំលោភ តែមិនបានសម្រេច ព្រោះត្រូវនាងរើបម្រាស់។
ពេលគ្រូនាងចេញបាត់រូបនាងក៏បន្តទៅដួសទឹកនៅក្នុងបន្ទប់ទឹកប្រុសវិញបន្តទៀត ហើយបន្តិចក្រោយមក គ្រូដដែលនោះ ក៏ចូលទៅចាប់នាងរំលោភម្ដងទៀតរហូតបានសម្រេច។ ប្រភពនេះបញ្ជាក់ទៀតថា : បន្ទាប់មក រូបនាងក៏ត្រឡប់ទៅផ្ទះរៀបរាប់ប្រាប់ឪពុកម្ដាយ ទើបឪពុកម្ដាយនាំនាងទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ជនល្មើសភ្លាមៗតែម្ដង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រូបង្រៀនដែលជាជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ហើយសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងទៅតាមនីតិវិធី ប៉ុន្តែជាមួយគ្នានោះ ក៏លេចឮព័ត៌មានមកថា ក្រុមគ្រួសារខាងគ្រូបង្រៀនកំពុងព្យាយាមសូមជួបភាគីខាងក្មេងស្រីរងគ្រោះ ដើម្បីសុំធ្វើការសម្របសម្រួលគ្នា។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”តាមទូរស័ព្ទថា : ពិតជាមានករណីឃាត់ ខ្លួនជនសង្ស័យជាគ្រូបង្រៀនម្នាក់មែន នៅស្រុកកំចាយមារ ខេត្តព្រៃវែង ហើយបច្ចុប្បន្នមន្ត្រីនគរបាលយុត្តិធម៌ កំពុងដំណើរការនីតិវិធី ៕
ដោយ ៖ សិលា