ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ភ្នាក់ងារសន្ដិសុខឯកជនទាំងបម្រើសេវា និងមិនបម្រើសេវា ប្រមាណជិត១ម៉ឺននាក់ហើយ ទទួលបានការបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាសេនាធិការផ្ទាល់លើការគ្រប់គ្រងសន្ដិសុខឯកជន។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥៦ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលនេះដើម្បីឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់មានសមត្ថភាព ចំពោះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ សំដៅលើកកម្ពស់ដល់វិស័យនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបន្ថែមថា បើទោះបីជារយៈពេលវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន មានរយៈពេលខ្លី ប៉ុន្តែគ្រូវឧទ្ទេសនាមបានធ្វើការចងក្រង យកចិត្តទុកដាក់ផ្ដោតសំខាន់ ទៅលើមេរៀនចំនួន៧៖ ១៖តួនាទី និងភារកិច្ចភ្នាក់ងារសន្តិសុខឯកជន, ២៖វិធីសាស្រ្តការពារគោលដៅ, ៣៖វិធានការបង្ការការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញពីអគ្គិភ័យ, ៤៖កិច្ចសហការណ៍រវាងភ្នាក់ងារសន្តិសុខឯកជន ជាមួយសមត្ថកិច្ចមូលដ្ឋាន, ៥៖ស្វែងយល់អំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងបណ្ដាករណីល្មើសច្បាប់ផ្សេងៗ, ៦៖អំពីការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ និង៧៖ការស្វែងយល់ពីឧបសម្ព័ន្ធសញ្ញាចរាចរណ៍ផ្លូវគោក។
តំណាងឲ្យនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានស្នើនាយកដ្ឋានបន្តយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀត ខណៈនាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា ត្រូវបន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា។
លោកក៏ស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់ ហើយត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ព្រមទាំងរួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥៦លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៩,៦៣៦នាក់ (ស្រី២១១នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២២៨នាក់ (ស្រី១៩នាក់)។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមថា កិច្ចការបើកវគ្គបំប៉នជំនាញនេះក្នុង គោលបំណងដើម្បីឆ្លើយតប ទៅនឹងតម្រូវការនៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់ការចូលរួមចំណែក ក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោល នយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ។
លោកបន្ថែមថា ភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គបំប៉នជំនាញកន្លងមកនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព៕
ដោយ៖ តារា