ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងហ៊ូធីបង្កើនការវាយប្រហារទ្រង់ទ្រាយធំនៅសមុទ្រក្រហម

ចែករំលែក៖

មន្ត្រីយោធាអាមេរិកបានឱ្យដឹងថា កម្លាំងទាហានជើងទឹកអាមេរិកបានបាញ់ទម្លាក់មីស៊ីលចំនួន២៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធជាច្រើន ដែលក្រុមហ៊ូធីបាញ់ចេញពីប្រទេសយេម៉ែន។ អាមេរិកបញ្ជាក់ថា នេះជាករណីបាញ់ប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាននៅសមុទ្រក្រហម។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិកបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនរួមទាំងចក្រភពអង់គ្លេស បានបាញ់ទម្លាក់យន្តហោះដ្រូន និងមីស៉ីល ២៤គ្រាប់ ដែលជាការវាយប្រហាររបស់ក្រុមហ៊ូធីនៅយេម៉ែន ចូលទៅតំបន់សមុទ្រក្រហមខាងត្បូង ឆ្ពោះទៅកាន់ផ្លូវដឹកជញ្ជូនអន្តរជាតិ។
ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក បានឲ្យដឹងទៀតថា គ្មានអ្នករងរបួសឬការបំផ្លាញណាមួយទេក្នុងការវាយប្រហារនេះ ដោយនេះជាការវាយប្រហារលើកទី ២៦របស់ក្រុមហ៊ូធី ទៅលើកប៉ាល់ពាណិជ្ជកម្មឆ្លងកាត់តំបន់សមុទ្រក្រហម ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣មក។ ក្នុងនោះ យន្តហោះដ្រូនចំនួន ១៨គ្រឿង មីស៉ីលគ្រូសប្រឆាំងនាវា២គ្រាប់ និងមីស៉ីលបាលីស្ទីគប្រឆាំងនាវា១គ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា ក្រុមហ៊ូធីបានប្តេជ្ញាបន្តការវាយប្រហាររហូតដល់អ៉ីស្រាអែលបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ដោយព្រមានវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើក្រុមរបស់ខ្លួនត្រូវបានកំណត់គោលដៅនោះ។ ដោយសារតែការវាយប្រហាររបស់ក្រុមនេះទៅលើកប៉ាល់ពាណិជ្ជកម្ម ខ្សែដឹកជញ្ជូនជាច្រើនត្រូវផ្អាកប្រតិបត្តិការ ដោយប្រើទិសដៅវាងទៅឆ្ងាយៗជុំវិញទ្វីបអាហ្រ្វិក៕

ដោយ៖ ធីរីណា


ចែករំលែក៖