ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ធាវ ឡេ ឈិង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-សិង្ហបុរី នាពេលកន្លងមក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ ព្រមទាំងបានបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ធាវ ឡេ ឈិង និងសហការី ព្រមជាមួយនឹងការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ បន្ថែមលើនេះ សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ ៕
ដោយ៖ តារា